ឯកឧត្តម ឈួរ សុបញ្ញា៖ ព្រះត្រៃបិដក មិនត្រឹមតែជាគម្ពីរបុរាណសម្រាប់រក្សាទុកបេតិកភណ្ឌប៉ុណ្ណោះទេ ប៉ុន្តែជាគន្លឹះសម្រាប់ការអប់រំមនុស្សឲ្យមានសីលធម៌ បញ្ញា និងស្មារតីរឹងមាំ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ឈួរ សុបញ្ញា៖ ព្រះត្រៃបិដក មិនត្រឹមតែជាគម្ពីរបុរាណសម្រាប់រក្សាទុកបេតិកភណ្ឌប៉ុណ្ណោះទេ ប៉ុន្តែជាគន្លឹះសម្រាប់ការអប់រំមនុស្សឲ្យមានសីលធម៌ បញ្ញា និងស្មារតីរឹងមាំ


កំពង់ស្ពឺ៖
នាថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានអញ្ជើញចូលរួមក្នុងពិធីបើកសូធ្យគម្ពីរព្រះត្រៃបិដកខ្មែរ លើកទី១ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ រៀបចំឡើងនៅវត្តស្រះឃ្លាំង ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២០-២៤ ខែឧសភា ឆ្នាំ២០២៦ ដឹកនាំដោយព្រះវរញ្ញាណាចារ្យ អ៊ុំ ផេង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះអនុគណស្រុកសាមគ្គីមុនីជ័យ ក្រោមអធិបតីភាពឯកឧត្តម អ៊ុក កោសា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ ដោយមានការនិមន្តចូលរួមផងដែរពីព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះរាជាគណថ្នាក់កិត្តិយស និងជាមេគណខេត្តកំពង់ស្ពឺ ព្រះរាជាគណៈ ព្រះមន្រ្តីសង្ឃខេត្ត ព្រះមន្រ្តីសង្ឃក្រុងស្រុក នៃខេត្តកំពង់ស្ពឺ គ្រប់ឋានានុក្រមនិងព្រះថេរានុ​ថេរៈ​ ប្រធានក្រុមប្រឹក្សាស្រុកសាមគ្គីមុនីជ័យ គណៈអភិបាលស្រុកសាមគ្គីមុនីជ័យ ឯកឧត្ដម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ អជ្ញាធរដែនដី​គ្រប់លំដាប់ថ្នាក់ និងប្រជាពុទ្ធបរិស័ទជាច្រើនរូបផងដែរ។

ការរៀបចំពិធីសូធ្យព្រះត្រៃបិដកពេលនេះមានគោលបំណងលើកកម្ពស់ព្រះពុទ្ធសាសនាឱ្យបានរីកចម្រើន និង​គង់វង្សជានិរន្តរភាព ព្រោះថានៅពេលមានអ្នកសិក្សា និងសូធ្យជាបន្តបន្ទាប់ ព្រះធម៌នឹងត្រូវបានផ្សព្វផ្សាយ​យ៉ាងទូលំ​ទូលា​យ និងនៅរស់រវើកក្នុងសង្គម ដែលជាកត្តាសត្យានុម័តក្នុងការជួយបង្កើនសាមគ្គីភាព និងសន្តិភាព។ ព្រះធម៌​បង្រៀន​ឲ្យមនុស្សស្គាល់ការគោរព ការអត់ឱន និងការរស់នៅជាមួយគ្នាដោយសុខដុមរមនា។ ព្រមជាមួយគ្នានេះការ​សូធ្យ​ព្រះត្រៃបិដក គឺជាសកម្មភាពសាសនាដ៏មានតម្លៃខ្ពង់ខ្ពស់ មិនត្រឹមតែជាការសូត្រតាមអក្សរ ឬការអានអត្ថបទ​បុរាណប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរការអប់រំផ្លូវចិត្ត និងបញ្ញា ដែលមានគោលបំណងជ្រាលជ្រៅក្នុងការកសាងមនុស្ស និងសង្គមឲ្យមានគុណធម៌ និងសន្តិភាព។ ព្រះត្រៃបិដក ជាគ្រឹះនៃព្រះពុទ្ធសាសនា ដែលផ្ទុកនូវព្រះធម៌ និងព្រះវិន័យ ជាផ្លូវនាំឲ្យមនុស្សឆ្លងកាត់ភាពមិនដឹង ទៅរកការយល់ដឹង និងពន្លឺប្រាជ្ញា។ព្រះត្រៃបិដកខ្មែរយើងទុកជាមូលដ្ឋាននៃវប្បធម៌​ ក្នុងផ្នែកអក្សរសាស្ត្រមួយដ៏ប្រសើររបស់ជាតិយើង ព្រោះថា គម្ពីរ​ពុទ្ធសាសនា នេះហើយ ជាជំនួយដល់ការលូតលាស់ខាង អក្សរសាស្ត្រ និង ភាសាជាតិយើង នាំឱ្យចំរើនជឿន​លឿន​តាមផ្លូវពុទ្ធនិយមបានច្រើនណាស់។ ដោយសារតែព្រះសង្គីតិកាចារ្យ ជំនាន់មុនបានប្រមូលមករៀបរៀងឱ្យ​នៅ​ជួប​ជុំជាបិដកទាំង៣ ដូច្នេះហើយបានជាធម៌វិន័យ របស់ព្រះបរមគ្រូនៃយើង បាន​ឋិតនៅចីរកាលសព្វគ្រប់​ទាំង​អស់ ឥតមានវិនាសបាត់ទៅតាមមនុស្ស ឬ តាមកាលៈទេសៈត្រង់ប្រការណាមួយឡើយ។ ដូច្នេះយើងអាចពោលថា ធម៌​វិន័​យ ដែលព្រះមានព្រះភាគសំដែងបញ្ញត្តហើយ ឋិតនៅក្នុង គម្ពីរព្រះត្រៃបិដក ទាំងអស់ដោយពិត ។

ការសូធ្យលើកនេះ យើងបានកំណត់យក បិដកលេខ១៩ “សង្គាលកសូត្រ” មកធ្វើការសូធ្យនៅក្នុង​ពេលវេលា​នេះ គឺមានអត្ថន័យយ៉ាងជ្រាលជ្រៅនិងមានភាពសមស្របខ្លាំងជាមួយបរិបទសង្គមបច្ចុប្បន្ន។ សង្គាលកសូត្រ ជាព្រះធម៌​ដ៏​សំខាន់មួយ ដែលព្រះពុទ្ធបានប្រទានដល់សង្គាលកគ្រហស្ថ ដើម្បីណែនាំអំពីវិធីរស់នៅរបស់មនុស្សក្នុងសង្គមដោ​យ​​​ផ្អែកលើគោលការណ៍ “ទិសទាំង៦” ដែលជាគន្លឹះសម្រាប់ការកសាងទំនាក់ទំនង​រវាងមនុស្សម្នាក់ៗ​ឲ្យមានសណ្តាប់​ធ្នាប់ សុចរិតភាព និងសន្តិភាព។ សង្គាលកសូត្រ មិនមែនគ្រាន់តែជាព្រះធម៌សម្រាប់សិក្សាផ្នែកទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែ​ជាគោលធម៌អនុវត្តដែលភ្ជាប់ជិតស្និទ្ធទៅនឹងជីវិតប្រចាំថ្ងៃ។ “ទិសទាំង៦” ដែលបានបង្ហាញក្នុងសូត្រនេះ រួម​មាន​ទំនាក់​ទំនងរវាង ឪពុកម្តាយនិងកូន សិស្សនិងគ្រូ ប្តីនិងប្រពន្ធ មិត្តនិងមិត្ត ម្ចាស់ការនិងអ្នកធ្វើការ និងសមណៈ​ជា​មួ​យ​សាសនិក។ ទំនាក់ទំនងទាំងនេះ គឺជាគ្រឹះនៃសង្គមមនុស្ស ដែលបើមានការយល់ដឹង និងអនុវត្តត្រឹមត្រូវ នឹងធ្វើឲ្យ​សង្គម​មានស្ថិរភាព និងសុខដុមរមនា។ ការជ្រើសរើសសូធ្យសង្គាលកសូត្រនៅពេលនេះក៏បានកើតឡើងពីហេតុផល​សំខាន់​ៗ​ជាច្រើន ដែលឆ្លុះបញ្ចាំងពីស្ថានភាពសង្គម និងតម្រូវការជាក់ស្តែងរបស់មនុស្សសម័យថ្មី។ ជាដំបូង វាជាការ​ឆ្លើយតបទៅនឹងការប្រែប្រួលយ៉ាងរហ័សនៃសង្គមបច្ចុប្បន្ន ដែលតម្លៃសីលធម៌ និងទំនាក់ទំនងមនុស្ស​កំពុងប្រឈម​នឹង​ការថយចុះ។ នៅក្នុងបរិបទបែបនេះ សង្គាលកសូត្រដើរតួនាទីដូចជាគោលច្បាប់ផ្លូវចិត្ត និងសង្គម ដែលជួយ​រំលឹក​ឲ្យ​មនុស្សត្រឡប់មករកគុណធម៌និងការគោរពគ្នាវិញ។ បន្ថែមពីនេះ សង្គាលកសូត្រ ផ្តល់នូវគោល​ការណ៍​ច្បាស់​​លាស់សម្រាប់ការរស់នៅរួមគ្នា ដោយផ្អែកលើការទទួលខុសត្រូវ និងសេចក្ដីស្មោះត្រង់។ នៅពេលមនុស្សម្នាក់ៗយល់ និងអនុវត្តតួនាទីរបស់ខ្លួនក្នុងទំនាក់ទំនងសង្គមបានត្រឹមត្រូវ នោះសង្គមទាំងមូលនឹងមានសមតុល្យ មានសណ្តាប់​ធ្នាប់ និងកាត់បន្ថយជម្លោះដែលកើតឡើងដោយការយល់ច្រឡំ ឬការខ្វះការទទួលខុសត្រូវ។ ម្យ៉ាងវិញទៀត ការសូធ្យ​សង្គាលកសូត្រ ក៏មានគោលបំណងពង្រឹងគ្រឹះស្ថានសង្គមសំខាន់ៗដូចជា គ្រួសារ សាលារៀន និងកន្លែងធ្វើការ។ គ្រួសារគឺជាអង្គភាពដំបូងនៃសង្គមដែលបង្កើតមនុស្សមានគុណធម៌។ សាលារៀនគឺជាកន្លែងបណ្តុះបណ្តាល​ចំណេះ​ដឹង និងសីលធម៌។ កន្លែងធ្វើការ គឺជាកន្លែងអនុវត្តទំនួលខុសត្រូវ និងការរស់នៅរួមជាមួយអ្នកដទៃ។ សង្គាលកសូត្រ ជួយឲ្យគ្រប់វិស័យទាំងនេះមានរបៀបរៀបរយ និងដំណើរការដោយសុខដុមរមនា។ លើសពីនេះទៀត សង្គាលកសូត្រ ក៏ជាមូលដ្ឋានដ៏សំខាន់សម្រាប់ការកសាងមនុស្សល្អ និងជាតិរឹងមាំផងដែរ ព្រោះនៅពេលមនុស្សម្នាក់មាន​ការយល់​ដឹង​​អំពីកាតព្វកិច្ចរបស់ខ្លួន និងអនុវត្តដោយស្មោះត្រង់ នោះមិនត្រឹមតែជួយខ្លួនឯងទេ​ប៉ុន្តែថែមទាំងជួយសង្គម​ទាំង​មូល​ឲ្យរីកចម្រើនទៅមុខដោយមានគុណធម៌ជាគោលដៅ។ ការសូធ្យសង្គាលកសូត្រ នៅក្នុងបរិបទបច្ចុប្បន្ន គឺជាការ​ភ្ជាប់​ចំណេះដឹងបុរាណដ៏ជ្រាលជ្រៅ ទៅនឹងជីវិតសម័យថ្មី ដែលពោរពេញដោយការប្រែប្រួល និងភាពស្មុគស្មាញ។ វាជាការបង្ហាញថា ព្រះធម៌មិនមែនជារឿងអតីតកាលទេ ប៉ុន្តែជាគោលការណ៍រស់នៅដែលអាចអនុវត្តបានជានិច្ច ដើម្បីបង្កើតសង្គមដែលមានសុភមង្គល សន្តិភាព និងការអភិវឌ្ឍយ៉ាងចីរភាព។

ប្រទេសខ្មែរយើង ជាប្រទេសកាន់ពុទ្ធសាសនា អស់កាលច្រើនសតវត្សមកហើយ បុព្វបុរសយើងបានយកចិត្ត​ទុកដាក់ ទៅចម្លងយកព្រះធម៌នេះ មកទុកក្នុងប្រទេស សម្រាប់​កុលបុត្រជាពុទ្ធសា​សនិកក៏យូរយារច្រើនសតវត្សរ៍​មក​ហើយ​ប៉ុន្ដែព្រះត្រៃបិដក​ដែល​ចម្លង​មក​នោះ ចារនៅលើស្លឹករឹត ជាភាសាបាលីសុទ្ធ។ ទើបតែមកក្នុងរជ្ជកាល ព្រះបាទ​​សម្ដេច​ព្រះ ​ស៊ី​សុវត្ថិ​ មុនីវង្ស ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យឱ្យបោះពុម្ពព្រះ​ត្រៃបិដក​ជា​សៀវភៅ​មួយ​ភាគៗ ដើម្បី​ងាយ​ក្នុងការផ្សព្វផ្សាយដល់ពុទ្ធសាសនិក​ក្នុង​ប្រទេសសម្រាប់​​ឱ្យ​យកទៅធ្វើ​ជា​គ្រូ​អាចារ្យផ្ទាល់ខ្លួន។ ព្រះសង្ឃជា​បណ្ឌិត​​ទាំងឡាយបានប្រជុំគ្នាហើយ​សម្រេច​ដោយអំណរ​ថាត្រូវប្រែព្រះត្រៃបិដកពីភាសាបាលីឱ្យជាប់​មក​​ជាភាសាជាតិ ដើម្បី​​ឱ្យ​​ងាយដល់ការសិក្សាតែ​ត្រូវ​បោះពុម្ពទាំងបាលី ទាំង​សម្រាយ​គឺ ទំព័រម្ខាងបាលី​ ម្ខាង​សម្រាយ ហើយត្រូវវាល់​ពាក្យ​​បាលី​ និងពាក្យ​សម្រាយឱ្យ​ប៉ុន​គ្នា​គ្រប់ទំព័រ។ តាំងពីនោះ​មក ព្រះសង្ឃបណ្ឌិតជាច្រើនតំណ ក៏​ចេះតែខំប្រឹងប្រែ ព្រម​ទាំងបោះពុម្ពជាបន្ត​ហូរហែ​មក រហូត​ដល់ ​ព.ស. ២៥១២ នេះទើប​ចប់​សព្វគ្រប់។ គម្ពីរព្រះត្រៃបិដកខ្មែរត្រូវបានក្រុម​ជំនុំព្រះត្រៃបិដក នៃពុទ្ធសាសនបណ្ឌិត្យនៅភ្នំពេញ បកប្រែពីភាសាបាលីមកជាភាសាខ្មែរពីឆ្នាំ១៩៣០-១៩៦៨ គឺត្រូវ​ចំណាយពេល ៣៨ឆ្នាំ ទើបបានសម្រចហើយសព្វគ្រប់។ ពិធីបុណ្យសម្ពោធឆ្លងព្រះត្រៃបិដកជាផ្លូវការ ត្រូវបាន​រៀបចំធ្វើយ៉ាងមហោឡារិកនៅក្រុងភ្នំពេញ នាថ្ងៃទី១ ខែមេសា ឆ្នាំ១៩៦៩ ក្រោមព្រះរាជកិច្ចឧបត្ថម្ភក៍ដ៏ខ្ពង់​ខ្ពស់នៃ​សម្តេច​ព្រះឧបយុវរាជ ព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋ នៃប្រទេសកម្ពុជា ក៏ទុកដូចជាការសន្មតថា​“កិច្ចការឧត្តម​សង្គាយនាគឺការប្រែនិងបោះពុម្ពព្រះត្រៃបិដកដែលមានរយៈកាល ៣៩ឆ្នាំ ត្រូវបានបញ្ចប់ដោយជោគជ័យហើយ” ។ នេះ​ពិតជា​កំណប់ព្រះធម៌របស់ព្រះពុទ្ធសាសនាខ្មែរ ​ហើយក៏ជាកំណប់វប្បធម៌ខាងផ្នែកបោះពុម្ពរបស់ជន​ជាតិខ្មែរផង​ដែរ ។ គម្ពីរព្រះត្រៃបិដកនឹងបានជាមូលដ្ឋានឱ្យអ្នកកាន់ព្រះពុទ្ធសាសនាក្នុងកម្ពុជរដ្ឋទាំងមូលនឹងមានសេចក្តីប្រតិបត្តិត្រូវផ្លូវគ្នា ព្រោះមានព្រះត្រៃបិដកនេះ ជាគ្រូប្រាប់ ខុសត្រូវ ជាគោលចារិកសម្រាប់អាងត្រូវតែបែបមួយ ហើយនឹងបាន​កំចាត់​បង់នូវ​អស្មិមានះប្រកាន់ខុសថាជាត្រូវនោះចេញ។ ព្រះត្រៃបិដកនេះ ទុកជាប្រទីបជ្វាលាឆ្លុះបំភ្លឺអស់មហាជនឱ្យឃើញ​​​សេចក្តីខុសត្រូវ។ ព្រះ​ត្រៃបិដកនេះ រាប់ថាជាឃ្លាំង​អក្សរ​សាស្ត្ររបស់ជាតិយើងដោយពិត ដែល​ប្រទេស​កម្ពុជា​​ចាត់​ការបោះពុម្ព ហើយនេះ ចែកជាភាគៗ ទាំងអស់មាន ១១០ភាគ គឺព្រះវិនយ​បិដក ១៣ភាគ រៀង​ពី​លេ​​​​ខ១ ដល់​លេខ១៣ ព្រះសុត្តន្ដបិដកមាន ៦៤ភាគ រៀងពី​លេខ​១៤ បន្ទាប់ពីវិនយបិដកទៅ រហូត​ដល់​លេ​​​ខ ៧៧ ឯព្រះអភិ​ធម្ម​បិដក​មាន ៣៤​ភាគ រៀងពីលេខ៧៨ បន្ទាប់ពីព្រះ​សុត្តន្ដ​បិដកទៅ រហូត​ដល់​លេខ១១០។​

ដើម្បីបន្តការងារបុព្វបុរសខ្មែរ ក្នុងអំឡុង​ខែកុម្ភៈ ឆ្នាំ២០២៥ ព្រះធម្មវនវាសី ចន្ទមុនី ​ព្រះរាជាគណៈ​ថ្នាក់​កិត្តិយស ព្រះសមុហគណខេត្តកំពង់ឆ្នាំ ព្រះសង្ឃាធិបតីនិងជាព្រះចៅអធិការជំនាន់ទី១ វត្តចន្ទប្បជោត្តនារាម (វត្តតាសុត) បានផ្ញើសារអេឡិចត្រូនិចតាមបណ្តាញសង្គមចម្រើនពរជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ក្នុងខ្លឹមសារ​ចម្រើនពរ​​ស្នើសុំគោលការណ៍ ដើម្បីរៀបចំក្រុមជំនុំព្រះត្រៃបិដកខ្មែរឡើងវិញ និងរៀបចំពិធី​បុណ្យ​ខួប​រំឭកគុណ អតីតក្រុមជំនុំព្រះត្រៃបិដក ដែលទទួលអនិច្ចធម្ម និងអនិច្ចទៅដោយជរាពាធក្តី ដោយរោគាពាធ​ក្តី និងដោយត្រូវពួកខ្មែរក្រហមធ្វើគត់ក្តី។ គ្រានោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បានពិតប្រគេនតប ព្រះធម្មវនវាសី ចន្ទមុនី វិញថា ករណីនេះ សូមព្រះតេជព្រះគុណធ្វើការជាមួយ​ក្រសួងធម្មការ​និងសាសនា និងគណៈសង្ឃនាយក។ 

អនុលោមតាមកម្មវត្ថុខាងលើ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធម្មការនិងសាសនា មានកិច្ចប្រជុំមួយក្រោមអធិបតីភាពឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដោយមានកាចូល​រួម​​ពីថ្នាក់ដឹកនាំក្រសួងនិងនិមន្តចូលរួមពី​ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះសង្ឃនាយករងទី៣ ព្រះរាជតំណាងសម្តេចព្រះសង្ឃនាយក គណៈមហានិកាយ​ សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុ​ប្រធាន​ថេរសភា សម្តេចមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះប្រធាន លេខាធិការដ្ឋានគណៈសង្ឃនាយក គណៈមហា​និកាយ ព្រះតេជព្រះគុណ ព្រះធម្មវនវាសី ចន្ទមុនី ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនាមួយចំនួនទៀត និងមន្រ្តីជំនាញ ដើម្បីពិភាក្សាការរៀបចំក្រុមជំនុំ​ព្រះត្រៃបិដក​ខ្មែរ​ឡើងវិញ ការរៀបចំការសូធ្យគម្ពីរព្រះត្រៃបិដកខ្មែរ និងការរៀបចំបុណ្យខួបការប្រែព្រះត្រៃបិដក។ ​ស្មារតីរួម​របស់អង្គប្រជុំ​នាពេលនោះ សម្រេចឱ្យក្រសួងធម្មការ និងសាសនា ធ្វើលិខិតផ្លូវការ​ ស្នើសុំទៅទីស្តីការគណៈរដ្ឋមន្ត្រី តាមរយៈលិខិតលេខ ២៣៤/២៥ ក.ធ.ស. ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បី​ សុំគោលការណ៍អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ដើម្បី​រៀបចំក្រុមជំនុំព្រះត្រៃបិដកខ្មែរឡើងវិញ។ ក្រោយពីមានចំណារដ៏ខ្ពស់ខ្ពស់បំផុតរបស់ សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ទីស្តីការគណៈ​រដ្ឋមន្ត្រី​បានចេញលិខិតលេខ ៤០៨សជណ.អវ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ដោយមានខ្លឹមសារថា រាជរដ្ឋា​ភិបាល បានឃើញនិងឯកភាព ជាគោលការណ៍នូវការរៀបចំឡើងវិញនូវក្រុមព្រះត្រៃបិដក, ការរៀបចំពិធីសូធ្យ​គម្ពីរ​ព្រះ​ត្រៃបិដកខ្មែររៀងរាល់​ ៥ឆ្នាំម្តង និងការរៀបចំពិធីបុណ្យខួបនៃការប្រែគម្ពីរព្រះត្រៃ​បិដកខ្មែរ ៕

















Previous Post Next Post