ក្រសួងព័ត៌មានកម្ពុជា រក្សាជំហរដាច់ខាតទាមទារឱ្យ WSJ ដកពាក្យ «Scambodia» ទោះមានការចុះផ្សាយអត្ថបទទស្សនៈកែតម្រូវក៏ដោយ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងព័ត៌មានកម្ពុជា រក្សាជំហរដាច់ខាតទាមទារឱ្យ WSJ ដកពាក្យ «Scambodia» ទោះមានការចុះផ្សាយអត្ថបទទស្សនៈកែតម្រូវក៏ដោយ


ភ្នំពេញ៖
អ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កាសែត WSJ បានសម្រេចចុះផ្សាយអត្ថបទទស្សនៈ (Opinion Piece) ដោយបានដកស្រង់ខ្លឹមសារចេញពីលិខិតរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើជូនទៅកាន់និពន្ធនាយក និងអ្នកគ្រប់គ្រងការផ្សាយរបស់ WSJ ប៉ុន្មានម៉ោងក្រោយពីកាសែតនេះបានចុះផ្សាយអត្ថបទមួយដោយប្រើប្រាស់ពាក្យពាក្យ “Scambodia”។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទោះបីស្ថិតក្នុងសញ្ញាអញ្ញត្តិ (“ ”) និងមានការពន្យល់ពីនិពន្ធក៏ដោយ ក៏ពាក្យនេះមានន័យបង្អាប់ ដែលអាចនាំឱ្យមានការបកស្រាយខុសចំពោះប្រទេសមួយទាំងមូល និងប្រជាជនកម្ពុជា។ យើងជឿជាក់ថា ការផ្សាយព័ត៌មាន ជាពិសេសនៅក្នុងសារព័ត៌មានអន្តរជាតិធំៗ គួរតែជៀសវាងការប្រើប្រាស់ភាសាដែលអាចបង្កឱ្យមានការរើសអើង ឬការប៉ះពាល់ដល់កិត្តិយស។

តាមរយៈអត្ថបទទស្សនៈនេះដដែល កាសែត WSJ បានទទួលយកការតវ៉ារបស់កម្ពុជា ដែលបានបើកផ្លូវឱ្យពិភពលោកបានឃើញពីការពិតអំពីជំហរ ឆន្ទៈព្រមទាំងកិច្ចខិតខំរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ទោះបីជាមានការចុះផ្សាយអត្ថបទទស្សនៈខាងលើក៏ដោយ ក៏ក្រសួងព័ត៌មាននៅតែរក្សាជំហានដាច់ខាត ក្នុងការទាមទារឱ្យកាសែត WSJ ដកពាក្យ «Scambodia» ដែលបានប្រើដែលជាពាក្យបង្អាប់ និងបង្ខូចកិត្តិយសឈ្មោះប្រទេសកម្ពុជាដូចដែលបានស្នើក្នុងលិខិតផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រី។ ក្រសួងព័ត៌មានយល់ឃើញថា ការប្រើប្រាស់ឈ្មោះប្រទេសដែលមានអធិបតេយ្យភាព មកធ្វើជាឧបករណ៍សម្រាប់ចំណងជើងបែបអគតិ គឺជាបង្កការរើសអើងពូជសាសន៍ និងជាការរំលោភលើក្រមសីលធម៌សារព័ត៌មានយ៉ាងធ្ងន់ធ្ងរដែលមិនអាចទទួលយកបាន។

ក្រសួងព័ត៌មាន នឹងបន្តតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីការពារកិត្តិយស សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាសមាជិកស្មើមុខស្មើមាត់នៅក្នុងសហគមន៍អន្តរជាតិ និងក្នុងនាមជាប្រទេសឈានមុខគេមួយក្នុងតំបន់ ដែលបានបន្តកិច្ចខិតខំបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យអស់ពីទឹកដីកម្ពុជា។

អ្នកនាំពាក្យក្រសួងព័ត៌មានសូមរំលឹកជូនផងដែរថា បន្ទាប់ពីកាសែតWSJ បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “How Cybercrime Became a Leading Industry in ‘Scambodia’” ក្រសួងព័ត៌មានបានចាត់វិធានការឆ្លើយតបភ្លាមៗ ព្រោះអត្ថបទនេះបានប្រើប្រាស់ពាក្យពេចន៍ខ្វះវិជ្ជាជីវៈ និងមានចរិតលក្ខណៈវិទ្ធង្សនាលើកិត្តិយសជាតិកម្ពុជា។ ជាមួយលិខិតរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រសួងបានស្នើសុំការកែតម្រូវជាផ្លូវនូវកំហុសវិជ្ជាជីវៈ និងស្នើផ្សាយអំពីកិច្ចខិតខំរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ បន្ថែមលើនេះទៀត អ្នកនាំពាក្យក្រសួងព័ត៌មាន បានចេញសេចក្តីថ្លែងការណ៍ច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការយកឈ្មោះប្រទេសកម្ពុជា ទៅលេងសើចភ្ជាប់នឹងបញ្ហាឧក្រិដ្ឋកម្មសកល ដែលទង្វើនេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់អត្តសញ្ញាណ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិកម្ពុជាទាំងមូលនៅលើឆាកអន្តរជាតិ ៕





Previous Post Next Post