ក្រចេះ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធទៅនឹងករណី «ការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់គណនីឈ្មោះ Sin Siphan ដែលបានប្រកាសសួររកកូនស្រីបាត់ពីផ្ទះ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦»។
អ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សូមជម្រាបជូន អ្នកនិយមតាមដានព័ត៌មាននៅលើបណ្តាញសង្គម និងសាធារណជនឱ្យបានជ្រាបថា៖ ពាក់ព័ន្ធទៅនឹងករណី «ការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់គណនីឈ្មោះ Sin Siphan ដែលបានប្រកាសសួររកកូនស្រី បាត់ពីផ្ទះ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦» https://www.facebook.com/share/1BeFxtXw8y/ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ សូមធ្វើការជូនជាព័ត៌មានដូចខាងក្រោម៖
ក្រោយពីទទួលបានព័ត៌មានភ្លាម និងដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ បានបញ្ជាឱ្យការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអធិការដ្ឋាននគរបាលក្រុង-ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកក្មេងស្រីខាងលើ។
រហូតដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ តាមរយៈកិច្ចសហការ និងការស្រាវជ្រាវយ៉ាងសកម្ម សមត្ថកិច្ច ជំនាញបានទទួលព័ត៌មាន និងបញ្ជាក់ថាក្មេងស្រី ឈ្មោះ សុខុម ស្រីលាភ បច្ចុប្បន្នកំពុងស្នាក់នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ខេត្តស្ទឹងត្រែង ដោយសុវត្ថិភាព។
អាស្រ័យហេតុនេះ សូម អ្នកនិយមតាមដានព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕



