ភ្នំពេញ៖ ក្នុងប្រតិបត្តិការទ្រង់ទ្រាយធំឆ្មក់ចូលបង្ក្រាបទីតាំងសង្ស័យបង្កប់បទល្មើសបច្ចេកវិទ្យាមួយកន្លែងស្ថិតនៅបុរីហ្គោឌែនឃី ផ្ទះលេខA01 A02 និង C09 ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន ២៦នាក់ (ស្រ្តី ១នាក់) និងម៉ាឡេស៊ី ១នាក់ សរុបចំនួន ២៧នាក់។
ក្រៅពីឃាត់ខ្លួនជនសង្ស័យ ២៧នាក់ ក្រុមការងារបានត្រួតពិនិត្យរកឃើញសម្ភារៈដែលបម្រើដល់បទល្មើសរួមមាន៖ ទូរស័ព្ទដៃ ២២៧គ្រឿង, កុំព្យូទ័រយួរដៃ ២២គ្រឿង, អេក្រង់កុំព្យូទ័រ ១៩គ្រឿង ម៉ាស៊ីនកុំព្យូទ័រ ៣គ្រឿង។
ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង ក្រោមការបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរខណ្ឌសែនសុខ និងដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លទ្ធផលកោសល្យវិច័យសមត្ថកិច្ចរកឃើញថា ជនសង្ស័យប្រើទីតាំងក្នុងប្រទេសកម្ពុជា ប្រព្រឹត្តបទល្មើសអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពឆបោកទិញទំនិញអនឡាញក្លែងក្លាយ និងអូសទាញអោយវិនិយោគ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកបក្សពួកពាក់ព័ន្ធបន្ថែមទៀត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅត្រឹមខែមេសានាពេលខាងមុខនេះ ៕





