បង្ក្រាបទីតាំងឆបោក Online Scam ក្នុងបុរីជារី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនជាតិបង់ក្លាដែស ១២នាក់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បង្ក្រាបទីតាំងឆបោក Online Scam ក្នុងបុរីជារី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនជាតិបង់ក្លាដែស ១២នាក់


ភ្នំពេញ៖
កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) មួយកន្លែងស្ថិតក្នុងបុរីជារីផ្ទះលេខ ០៦J ផ្លូវលេខ ០៧ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនជាតិបង់ក្លាដែស ចំនួន ១២នាក់ និងដកហូតកុំព្យូទ័រ All-in-One ចំនួន ២៦គ្រឿង, ម៉ូនីទ័រ ១៣គ្រឿង, ធុង CPU ១១គ្រឿង និងលិខិតឆ្លងដែនចំនួន ១៤ក្បាល។
  
ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង កាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ក្រោមការបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមការស៊ើបអង្កេត និងពិនិត្យកោសល្យវិច្ច័យលើឧបករណ៍អេឡិចត្រូនិច សមត្ថកិច្ចបានរកឃើញថា ក្រុមជនសង្ស័យបានប្រើប្រាស់ទីតាំងខាងលើ ដើម្បីធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ ក្រោមរូបភាពក្លែងបន្លំជាក្រុមហ៊ុនលក់កញ្ចប់ទេសចរណ៍ក្លែងក្លាយ ដែលមានគោលដៅទៅប្រទេសបង់ក្លាដេស និងប្រទេសផ្សេងទៀត។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តការបង្ក្រាបបទល្មើសនេះដោយគ្មានបង្អង់ដៃឡើយ។ សម្តេចធិបតី បានបញ្ជាក់ថា ច្បាប់មានហើយ ដូច្នេះត្រូវតែអនុវត្តឱ្យបានម៉ត់ចត់ និងឱ្យមានប្រសិទ្ធភាពដោយមិនបន្ធូរដៃ និងដោយគ្មាន ការលើកលែងឡើយ ពោលគឺមិនបញ្ឈប់ត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ដូចដែលមានមតិមួយចំនួន បានលើកឡើងនោះឡើយ។

សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូលជាធរមានកាលពីម៉ោង ០០:០១ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។ 
ច្បាប់នេះមាន៥ជំពូក និង២៤មាត្រា។ ជាមួយច្បាប់នេះ បទល្មើសព្រហ្មទណ្ឌថ្មីចំនួន៥ ត្រូវបានបង្កើតឡើងដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការអនុវត្ត គឺរួមមាន៖ ១-បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ២-បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ៣-បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា, ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥-ការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោសជនល្មើស ត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់បំផុតរហូតដល់ ១ជីវិត និងពិន័យជាប្រាក់ដល់ទៅ ១.០០០លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើស ផងដែរ ៕




Previous Post Next Post