សមត្ថកិច្ចរាជធានីភ្នំពេញ បានឃាត់ខ្លួនមនុស្សជាង៣០០នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដ៏ធំមួយក្នុងខណ្ឌដូនពេញ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សមត្ថកិច្ចរាជធានីភ្នំពេញ បានឃាត់ខ្លួនមនុស្សជាង៣០០នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដ៏ធំមួយក្នុងខណ្ឌដូនពេញ


ភ្នំពេញ៖
កម្លាំងចម្រុះនៃបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មួយកន្លែងស្ថិតក្នុងសណ្ឋាគារ Wyndham Grand Phnom Penh Capital តាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ក្រោមការបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរខណ្ឌដូនពេញ និងដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុប ៣១១នាក់ (ស្រី្ត ៣១នាក់) មាន ៥សញ្ជាតិ ក្នុងនោះមាន ជនជាតិចិន ២៥៤នាក់ គ្មានលិខិតឆ្លងដែន ១៤៤នាក់, ជនជាតិម៉ាឡេស៊ី ៣០នាក់, ជនជាតិវៀតណាម ២៣នាក់ និងជនជាតិឥណ្ឌា ២នាក់។ 

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានរកឃើញសម្ភារៈបច្ចេកទេសជាច្រើនដែលបម្រើឱ្យសកម្មភាពឆបោក រួមមានទូរសព្ទដៃចំនួន ៦១៥គ្រឿង, Laptop ១៤០គ្រឿង, All in One ៣១គ្រឿង, Monitor ៦គ្រឿង និង CPU ៣គ្រឿង។ សមត្ថកិច្ចបានរឹបអូសសម្ភារៈទាំងនេះសម្រាប់ជាភស្តុតាងក្នុងការកសាងសំណុំរឿង និងការអនុវត្តនីតិវិធីច្បាប់។

យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនសង្ស័យប្រើទីតាំងក្នុងប្រទេសកម្ពុជា ប្រព្រឹត្តបទល្មើសអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដូចជា ការអូសទាញអោយវិនិយោគ, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពវិនិយោគប្រើប្រាស់ក្រុមហ៊ុនឈ្មោះ Nanhua Singapore ដែលមានគោលដៅទៅប្រទេសម៉ាឡេស៊ី, ការឆបោកលួងលោមឱ្យវិនិយោគលើរូបិយប័ណ្ណឌីជីថល, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពក្លែងបន្លំជាមន្រ្តីរដ្ឋាភិបាលមានគោលដៅទៅតៃវ៉ាន់, ព្រមទាំងរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនផងដែរ។

បច្ចុប្បន្ន ជនបរទេសទាំង៣១១នាក់ រួមនឹងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ជាថ្មីម្តងទៀត បានអំពាវនាវដល់អ្នកដែលបានជ្រុលខ្លួនធ្លាក់ក្នុងសកម្មភាពឆបោកជាមួយក្រុមឧក្រិដ្ឋជន ឬមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវចេញមកសារភាព និងចូលរួមផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីឈានទៅវែកមុខក្រុមមេខ្លោង និងបក្ខពួក ព្រមទាំងផ្តល់កិច្ចសហការជាមួយអាជ្ញាធរដើម្បីពង្រឹងសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម។ ដោយឡែកចំពោះម្ចាស់ផ្ទះ ឬអគារ ត្រូវមានស្មារតីម្ចាស់ការខ្ពស់ មិនត្រូវជឿតាមការអូសទាញ ឬយល់ព្រមជួលអគារ និងផ្ទះសម្បែង ទៅឱ្យក្រុមឧក្រិដ្ឋជនសម្រាប់ប្រើប្រាស់ជាទីតាំងប្រព្រឹត្តបទល្មើសឡើយ ដើម្បីចូលរួមកម្ចាត់រាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា។

ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូលជាធរមានកាលពីម៉ោង០០:០១ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។ 

ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន៥ជំពូក និង២៤មាត្រា។ ជាមួយច្បាប់នេះ បទល្មើសព្រហ្មទណ្ឌថ្មី ចំនួន៥ ត្រូវបានបង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការ អនុវត្ត គឺរួមមាន ១-បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២-បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣-បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤-បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥-ការបង្កើត ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់បំផុតរហូតដល់ ១ជីវិត និងពិន័យជាប្រាក់ដល់ទៅ ១.០០០លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើស ផងដែរ ៕











Previous Post Next Post