ភ្នំពេញ៖ ឯកឧត្ដម ប៉ែន វិបុល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦។
សារលិខិតគោរពជូនពររបស់ឯកឧត្តម ប៉ែន វិបុល មានខ្លឹមសារដូចតទៅ៖ «សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងនាមរូបខ្ញុំផ្ទាល់ និងភរិយា សូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត សូមគោរព ជូនពរជ័យ សិរីមង្គល បវរមហាប្រសើរជូនចំពោះសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករា ជ២៥៧០ គ្រិស្តសករាជ ២០២៦ សូមបានសមប្រកបដោយ សុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណវាងវៃ និងមានជន្មាយុយឺនយូរ។
ក្នុងឱកាសដ៏មហាថ្លៃថ្លានេះ យើងខ្ញុំ សូមគោរពកោតសរសើរដោយស្មោះអស់ពីដួងចិត្តនូវមគ្គុទ្ទេសក៍ ប្រកបដោយគតិបណ្ឌិតរបស់សម្តេច និងលោកជំទាវបណ្ឌិត ដែលបានយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ក្នុងការដឹកនាំប្រទេសជាតិប្រកបដោយភាពអង់អាចក្លាហាន ភាពប៉ិនប្រសព្វ និងរស់រវើក រក្សាបានស្ថិរភាព នយោបាយ លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ ជាមួយគ្នានេះ ក្រោមការ ដឹកនាំប្រកបដោយទេពកោសល្យ គុណធម៌ និងបានការពារដាច់ខាតនូវរាជបល្ល័ង្គ ការពារផលប្រយោជន៍គោលរបស់ជាតិ ព្រមទាំងបានលើកតម្កើងមុខមាត់ព្រះរាជាណាចក្រកម្ពុជាខ្ពស់ត្រដែតនៅលើឆាកអន្តរជាតិ។
ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សឧត្តុង្គឧត្តមប្រពៃថ្លៃថ្លានេះ យើងខ្ញុំ សូមលើកហត្ថប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មីព្រះនាមរក្សសាទេវី សូមតាមបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មេត្តាទទួលនូវការគោរពដ៏ ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំ» ៕


