ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១០កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន វិបុល ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្ម បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាជាង ៥ពាន់នាក់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
គួរជម្រាបជូនផងដែរថា ទិវាពលកម្មអន្ដរជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្មករ និយោជិត នៅទូទាំងពិភពលោក ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មក។ ដោយឡែកសម្រាប់ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលបានប្រារព្ធទិវានេះក្រោមប្រធានបទ “រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ” ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់ និងចីរភាព ដោយឈរលើគោលការកែលម្អលក្ខខណ្ឌការងារ, ការធានាសិទ្ធិការងារនិងសេរីភាពអង្គការវិជ្ជាជីវៈ, ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍របស់កម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ ៕


















