ភ្នំពេញ៖ កម្លាំងជំនាញនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិវៀតណាម ១៧នាក់ ក្នុងប្រតិបត្តិការឆែកឆេរអគារ MSK ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ បន្ទាប់ពីមានការសង្ស័យថា លបលួចប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការចូលរួមពីអាជ្ញាធរខណ្ឌចំការមន និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ក្រុមការងារបានពិនិត្យឃើញភាពមិនប្រក្រតីនៅជាន់ទី៧ និងជាន់ទី១០ ដោយបានឃាត់ខ្លួនមនុស្សសរុបចំនួន ១៧នាក់ (ស្រី្ត ០២នាក់) ជាជនជាតិវៀតណាម ដែលក្នុងនោះមាន ០៧នាក់ ពុំមានលិខិតឆ្លងដែនជាប់ខ្លួនឡើយ។
ជាលទ្ធផលសមត្ថកិច្ចរកឃើញវត្ថុតាងដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមមាន៖ ម៉ូនីទ័រចំនួន ៣០គ្រឿង, ទូរសព្ទដៃចំនួន ៧៣គ្រឿង, កុំព្យូទ័រ All In One ចំនួន ០៦គ្រឿង និង CPU ចំនួន ២៧គ្រឿង។
សមត្ថកិច្ចជំនាញ បានឱ្យដឹងថា ក្រុមនេះបានយកទីតាំងខាងលើដើម្បីឆបោក ក្រោមរូបភាពបែបលួងលោមស្នេហាដែលមានគោលដៅឆបោកទៅប្រទេសវៀតណាម។
ក្រុមនេះ បានធ្វើសកម្មភាពលោងលោមស្នេហា មានគោលដៅច្បាស់លាស់ក្នុងការ "ជំរិតទារប្រាក់ ឬគំរាមកំហែង" ដោយប្រើប្រាស់វីដេអូអាសអាភាសដែលលួចថតបាន ទៅផ្ញើឱ្យក្រុមគ្រួសារ ឬកន្លែងការងាររបស់ជនរងគ្រោះ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ ប្រសិនបើមិនធ្វើតាមការទាមទាររបស់ពួកគេ។
បច្ចុប្បន្ន មនុស្សទាំង ១៧នាក់ រួមនិងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់។
លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សូមជម្រាបថា យុទ្ធនាការបោសសម្អាត Online Scams នៅទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ច និងអាជ្ញាធររាជធានី-ខេត្ត បានបង្ក្រាប និងបិទខ្ទប់ (Sealed) ទីតាំងសរុបចំនួន ២៣៦កន្លែង។ ក្នុងនោះមានទីតាំងកាស៊ីណូ ៩១កន្លែង និងប្រភេទបុរី វីឡា ខុនដូ លំនៅឋាន ចំនួន ១៤៥កន្លែង។
តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល ៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញសរុបចំនួន ៧៩សំណុំរឿង ដោយផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ៦៩៧នាក់ (មានច្រើនសញ្ជាតិ រួមទាំងសំណុំរឿងធំៗដូចជា ចេន ស៊ី និង លី គួង ជាដើម)។ អាជ្ញាធរកត់សម្គាល់ថា មានក្រុមមេខ្លោង និងអ្នកពាក់ព័ន្ធប្រមាណជាង ២២ម៉ឺននាក់ បានគេចខ្លួនចេញពីកម្ពុជា ទាំងតាមផ្លូវអាកាស និងផ្លូវគោក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា ត្រឹមខែមេសា ឆ្នាំ២០២៦។ សម្តេចធិបតី បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសឡើយ ហើយបុគ្គល ឬអង្គភាពណាដែលនៅពីក្រោយសកម្មភាពទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬអន្តរាគមន៍ឡើយ ៕




