កម្លាំងសមត្ថកិច្ចបង្ក្រាបការឆបោកអនឡាញក្នុងខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេសជិត ៥០នាក់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្លាំងសមត្ថកិច្ចបង្ក្រាបការឆបោកអនឡាញក្នុងខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេសជិត ៥០នាក់


ភ្នំពេញ៖
ជនជាតិឥណ្ឌូនេស៊ី ៣០នាក់ និងជនជាតិម៉ាឡេស៊ី ១៩នាក់ សរុបចំនួន ៤៩នាក់ (ស្រ្តី ០៨នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញឃាត់ខ្លួន ក្នុងពេលដែលសមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams កាលពី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅអាគារជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រៅពីការឃាត់ខ្លួនមនុស្ស សមត្ថកិច្ចក៏បានដកហូតនូវសម្ភារៈបច្ចេកទេសជាច្រើន ដែលបម្រើឱ្យសកម្មភាពខុសច្បាប់ រួមមាន៖ កុំព្យូទ័រ All-in-one ១១គ្រឿង, អេក្រង់ Monitor ៣៨គ្រឿង, ម៉ាស៊ីន CPU ១៧គ្រឿង, Laptop ០៧គ្រឿង, ទូរស័ព្ទដៃចំនួន ១៨៥គ្រឿង, Tablet ០២គ្រឿង និងស៊ីមកាតអន្តរជាតិមួយចំនួនធំផងដែរ។

ប្រតិបត្តិការបង្ក្រាបនេះខាងលើនេះធ្វើឡើង ក្រោមការបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងមានការចូលរួមសហការពីអាជ្ញាធរខណ្ឌសែនសុខ និងដោយមានការសម្របសម្រួលពីសំណាក់ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ផ្អែកតាមលទ្ធផលកោសល្យវិច័យបឋម សមត្ថកិច្ចបានរកឃើញថា ជនសង្ស័យប្រើទីតាំងក្នុងប្រទេសកម្ពុជា ប្រព្រឹត្តបទល្មើសល្បែងស៊ីសងកាស៊ីណូអនឡាញខុសច្បាប់ ដែលមានគោលដៅទៅប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។

បច្ចុប្បន្ន មនុស្សមនុស្សស្រីទាំង ៤៩នាក់ រួមនិងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា ត្រឹមខែមេសា ឆ្នាំ២០២៦។ សម្តេចធិបតី បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសឡើយ ហើយបុគ្គល ឬអង្គភាពណាដែលនៅពីក្រោយសកម្មភាពទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬអន្តរាគមន៍ឡើយ ៕





Previous Post Next Post