ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ លោក ទូច សុភ័ក្រ្ត អគ្គលេខាធិការរងសមាគមសារព័ត៌មានសុក្រឹត ជាតំណាងឲ្យលោក នួន នី ប្រធានសមាគម រួមជាមួយនិងថ្នាក់ដឹកនាំសមាគម សមាជិក សមាជិកា តាមបណ្ដារាជធានីខេត្ត-ក្រុង បានអញ្ជើញចូលរួមពិធីផ្សព្វផ្សាយស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោក ដែលមានភាពមិនប្រាកដប្រជាប្រែប្រួលឆាប់រហ័ស និងព័ត៌មានក្លែងក្លាយ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្ថិតនៅសាលចតុម្មុខមង្គល នៃក្រសួងព័ត៌មាន។ ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិកា អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋាន អគ្គនាយក អគ្គនាយិកា ព្រមទាំងថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ សមាគមសារព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។
តាមប្រសាសន៍ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ព័ត៌មានពិតជាគ្រឹះនៃទំនុកចិត្តអន្តរជាតិ៖ ពេលដែលពិភពលោកឃើញព័ត៌មានពិតអំពីកម្ពុជា ពួកគេនឹងឃើញប្រទេសមួយដែលមានសន្តិភាព មានស្ថិរភាព និងមានឱកាស។ នេះជាមូលដ្ឋានសម្រាប់ការទាក់ទាញវិនិយោគ និងទេសចរណ៍។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ និងព័ត៌មាន គឺមិនអាចខ្វះគ្នាបាននោះទេ។ ដូច្នេះ វិស័យទេសចរណ៍ គឺខ្វះព័ត៌មាន មិនបានជាដាច់ខាត ត្រង់ចំណុចបើក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ រួមគ្នាឱ្យកាន់តែសកម្មបន្ថែមទៀត នឹងផ្តល់តម្លៃយ៉ាងខ្ពស់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា និយាយជារួម និងរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជាបន្ថែមទៀតផងដែរ ៕


















