ឯកឧត្តម ឈួរ សុបញ្ញា៖ «ការបណ្តុះ “ទម្លាប់ល្អប្រចាំថ្ងៃ” មិនមែនជាការបង្រៀនត្រឹមមួយថ្ងៃទេ ប៉ុន្តែជាការចាប់ផ្តើមនៃដំណើរផ្លាស់ប្តូរខ្លួនឯង»
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ឈួរ សុបញ្ញា៖ «ការបណ្តុះ “ទម្លាប់ល្អប្រចាំថ្ងៃ” មិនមែនជាការបង្រៀនត្រឹមមួយថ្ងៃទេ ប៉ុន្តែជាការចាប់ផ្តើមនៃដំណើរផ្លាស់ប្តូរខ្លួនឯង»


កំពង់ស្ពឺ៖
នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា ប្រធានក្រុមការងារ និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដំណាក់រាំង សហការជាមួយសាលារៀន ចុះអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនាដល់សិស្សានុសិស្សចំនួន ១៩៧នាក់ នៅអនុវិទ្យាល័យពីងពង់ ស្ថិតក្នុងឃុំដំណាក់រាំង ក្រោមប្រធានបទ «ទម្លាប់ល្អប្រចាំថ្ងៃ ដើម្បីសហគមន៍យើង»។


ឯកឧត្តម ឈួរ សុបញ្ញា បានមានប្រសាសន៍ថា គោលបំណងធំៗនៃកម្មវិធីនេះ មិនមែនដើម្បីឱ្យសិស្សានុសិស្សក្លាយជាអ្នកបួស ឬមជ្ឈដ្ឋាននិយមជ្រុលនោះទេ ប៉ុន្តែដើម្បីកសាងធនធានមនុស្សដែលមានគុណធម៌ និងសមត្ថភាព អាចយល់ដឹង និងអនុវត្តបាននូវវិជ្ជាសម្បទា ចរិយាសម្បទា និងបំណិនសម្បទា។ ការអប់រំតាមបែបព្រះពុទ្ធសាសនា ផ្តោតលើការបណ្តុះចិត្ត កែលម្អអាកប្បកិរិយា និងបង្កើតទម្លាប់ល្អប្រចាំថ្ងៃ ដូចជា ការគោរពមាតាបិតា និងគ្រូបង្រៀន ការរក្សាវិន័យ ការនិយាយពាក្យល្អពាក្យពិត ការជៀសវាងអំពើហិង្សា និងការទទួលខុសត្រូវចំពោះខ្លួនឯង និងសហគមន៍។ ព្រះពុទ្ធវចនៈបានបង្ហាញថា «មនោបុព្ពង្គមា ធម្មា មនោសេដ្ឋា មនោមយា» មានន័យថា ចិត្តជាដើមនៃអ្វីៗទាំងអស់។ប្រសិនបើយើងបណ្តុះចិត្តឱ្យល្អនោះគំនិត ល្អ ការនិយាយល្អ និងអំពើល្អ ក៏នឹងកើតមានតាមលំដាប់។ ដូចគ្នានេះដែរ ពាក្យថា «អត្តា ហិ អត្តនោ នាថោ» ក៏រំលឹកឱ្យយុវជនយល់ថា ខ្លួនឯងជាទីពឹងរបស់ខ្លួនឯង ហើយការផ្លាស់ប្តូរជីវិត ត្រូវចាប់ផ្តើមពីខ្លួនឯងជាមុន។ កម្មវិធីនេះក៏មានន័យជាការពង្រឹងសុខភាពផ្លូវចិត្ត ការកសាងទំនុកចិត្តលើខ្លួនឯង ការរឹតចំណងមិត្តភាពក្នុងគ្រួសារ និងមិត្តភក្តិ និងការថែរក្សាកិត្តិយសរបស់ខ្លួន។ ពេលសិស្សម្នាក់មានទម្លាប់ល្អ ថ្នាក់រៀននឹងមានសណ្តាប់ធ្នាប់ សាលានឹងមានរបៀបរៀបរយ ហើយសហគមន៍ក៏នឹងមានសុខដុមរមនា។


សរុបមកការបណ្តុះទម្លាប់ល្អប្រចាំថ្ងៃ គឺជាការវិនិយោគលើអនាគតសហគមន៍។ ទម្លាប់ល្អតូចៗនៅថ្ងៃនេះ នឹងក្លាយជាមូលដ្ឋាននៃសង្គមរឹងមាំនៅថ្ងៃស្អែក ៕ 











Previous Post Next Post