ភ្នំពេញ៖ ឯកឧត្ដម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសនៃពិធីចម្រើនជន្មាយុ។
សារលិខិតគោរពជូនពររបស់ឯកឧត្ដម សុខ ចិន្តាសោភា មានខ្លឹមសារដូចតទៅ៖ «សម្តេចវិបុលសេនាភក្តី ជាទីគោរពដ៏ខ្ពង់ខ្ពស់! នាឱកាសដ៏មហានក្ខត្តឫក្សនៃពិធីចម្រើនជន្មាយុ ដែលប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ខ្ញុំបាទ សូមចូលរួមសម្តែងនូវក្តីសោមនស្សក្រៃលែងប្រកបដោយភាពកក់ក្តៅ និងសូមគោរពជូនពរនូវសព្ទសាធុការពរជ័យ មហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចវិបុលសេនាភក្តី សូមបានសមប្រកបដោយសុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ និងចាកផុតពីរោគាព្យាធិនានា។
ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរវិសេសវិសាលនេះ ខ្ញុំបាទសូមសម្តែងនូវសេចក្តីគោរពដោយស្មោះជូនចំពោះ សម្តេចវិបុលសេនាភក្តី ដែលជាឥស្សរជននយោបាយជាន់ខ្ពស់របស់កម្ពុជាមួយរូបដែលតែងតែ មានស្វាមីភក្តិ និងគុណបំណាច់ដ៏ធំធេងចំពោះ “ជាតិ សាសនា ព្រះមហាក្សត្រ” និងប្រជាពលរដ្ឋកម្ពុជា គ្រប់ស្រទាប់វណ្ណៈ ជាពិសេស សម្តេច ជាថ្នាក់ដឹកនាំកំពូលប្រកបដោយគតិបណ្ឌិត ដែលបានលះបង់អស់ កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ចូលរួមកសាង ថែរក្សាការពារសុខសន្តិភាព អធិបតេយ្យជាតិ និងបូរណភាពទឹកដី ព្រមទាំងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ កិត្តិយស និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ដើម្បីបម្រើជាឧត្តមប្រយោជន៍ជាតិ។
ជាថ្មីម្តងទៀត ខ្ញុំបាទសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក សូមប្រសិទ្ធពរជ័យ សិរីសួស្តី មហាប្រសើរ វិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចវិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបតែនឹងពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ» ៕


