ភ្នំពេញ៖ នារសៀថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន ជាតំណាង ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្រ្តី នៃក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន» ដែលវគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅដោយជោគជ័យ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។ដោយក្នុងរយៈពេល៣ថ្ងៃនេះដែរ មានសិក្ខាកាមចូលរួមសិក្សាសរុបចំនួន ២៤៤នាក់ មកពីអង្គភាពព័ត៌មាន ក្រសួង ស្ថាប័ន និងសមាគមនានា ដែលបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់វិជ្ជាជីវៈនិងការគោរពច្បាប់ក្នុងវិស័យព័ត៌មានកម្ពុជាផងដែរ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះបានផ្តោតលើប្រធានបទស្នូលសំខាន់ៗ រួមមាន៖ ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធវិស័យព័ត៌មាន, ធម្មនុញ្ញ និងក្រមសីលធម៌ និងទំនួលខុសត្រូវវិជ្ជាជីវៈ, តួនាទី និងទំនួលខុសត្រូវរបស់អ្នកសារព័ត៌មាន, ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ, ប្រវត្តិ និងបរិបទអភិវឌ្ឍវិស័យព័ត៌មាន និងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធ។
ថ្លែងនាពេលនោះដែរ ឯកឧត្ដមបណ្ឌិត ឆាយ សុផល បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលវគ្គបណ្តុះបណ្តាលនេះទទួលបាន ហើយជាឱកាសក្នុងការចែករំលែកបទពិសោធន៍ និងជួយឱ្យអ្នកសារព័ត៌មានបង្កើនចំណេះដឹង ការយល់ដឹងអំពីច្បាប់ពាក់ព័ន្ធវិស័យព័ត៌មាននិងសោទស្សន៍ និងលើកកម្ពស់ការយល់ដឹងអំពីសីលធម៌វិជ្ជាជីវៈមានទំនួលខុសត្រូវនិងគោរពច្បាប់។
ចំពោះវគ្គបណ្តុះបណ្តាលនេះសិក្ខាកាមចំនួន ២១៦នាក់ បានបំពេញលក្ខខណ្ឌនិងទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សាដែលមានភ្ជាប់ QR Code ដើម្បីធានាស្តង់ដារ និងគុណភាពបណ្តុះបណ្តាលជាពិសេស ព្រមទាំងជាជំហានសំខាន់ក្នុងការពង្រឹងស្មារតីគោរពច្បាប់ សុចរិតភាព និងការទទួលខុសត្រូវក្នុងការផ្សព្វផ្សាយព័ត៌មាន ប្រកបដោយភាពត្រឹមត្រូវ និងសុវត្ថិភាព។ ដោយក្រសួងព័ត៌មាន បន្តប្តេជ្ញាចិត្តលើកកម្ពស់គុណភាពវិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីបង្កើនភាពជឿទុកចិត្តពីសាធារណៈជន និងរួមចំណែកថែរក្សាស្ថិរភាពសង្គម ៕
































