កំពង់ស្ពឺ៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពង្រឹងយន្តការថែទាំផ្លូវលេខ១៤២ ចាប់ពីចំណុចមុខមន្ទីរបក្សស្រុកភ្នំស្រួច រហូតដល់រង្វង់មូលកន្ទួត ស្រុកឱរ៉ាល់។ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលបាលខេត្ត បានមានប្រសាសន៍ថា ត្រូវមានវិធានការម៉ឺងម៉ាត់ចំពោះរថយន្តដឹកជញ្ជូនធន់ធ្ងន់ដឹកលើសទម្ងន់ដែលមិនគោរពច្បាប់ ដែលជាមូលហេតុធ្វើឱ្យផ្លូវឆាប់ខូច ការថែទាំផ្លូវលេខ១៤២នេះ គឺជាកិច្ចការអាទិភាព ដើម្បីសម្រួលដល់ការដឹកជញ្ជូនកសិផល និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់។
ឯកឧត្តមបណ្ឌិត អភិបាលបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស កំពង់ស្ពឺ ជីន ឆឹង អ៊ិនធើណេសិនណល ដែលបានចូលរួមចំណែកជួយសាងសង់ផ្លូវបេតុងប្រវែង ប្រមាណជាង១០គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤។ នេះគឺជាសមិទ្ធផលដែលកើតចេញពីកិច្ចសហការរវាងរដ្ឋ និងឯកជន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។ទន្ទឹមនឹងការអបអរសាទរសមិទ្ធផលនេះ ឯកឧត្តមក៏បានដាក់ចេញនូវវិធានការក្តៅ ណែនាំឱ្យមន្ទីរអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្ត រៀបចំដាក់ជញ្ជីងថ្លឹងរថយន្តចល័តជាបន្ទាន់ ដើម្បីទប់ស្កាត់រថយន្តដឹកលើសទម្ងន់កំណត់ឱ្យខានតែបាន។
ឯកឧត្តមបណ្ឌិត អភិបាលបាលខេត្ត បានបន្តទៀតថា មិនត្រូវបណ្តែតបណ្តោយឱ្យបុគ្គលមួយចំនួនតូច ដែលគិតតែពីផលចំណេញផ្ទាល់ខ្លួន មកបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដែលជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋរាប់ម៉ឺននាក់នោះឡើយ ខេត្តកំពង់ស្ពឺបច្ចុប្បន្នកំពុងក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ការការពារហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិសាធារណៈ នឹងជួយទាក់ទាញអ្នកវិនិយោគ រោងចក្រ សហគ្រាស និងបង្កើតការងារជូនប្រជាពលរដ្ឋរាប់ម៉ឺននាក់បន្ថែមទៀត។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ មេត្តាចូលរួមថែរក្សាសមិទ្ធផលនេះឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍ប្រើប្រាស់យូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ និងជួយសម្រួលដល់សេដ្ឋកិច្ចគ្រួសារតាមរយៈការដឹកជញ្ជូនកសិផលបានទាន់ពេលវេលាផងដែរ ៕










