កំពង់ស្ពឺ៖ នារសៀលថ្ងៃសៅរ៍ ៥រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំង បានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង និងគណៈកម្មាធិការគណបក្សឃុំដំណាក់រាំង បានចូលរួមក្នុងបុណ្យដារលាន (បុណ្យភូមិ) ចំនួន ២ភូមិ រួមមានភូមិក្រាំងខ្នុរ និងភូមិពោធិ៍។ តាមប្រពៃណីបុណ្យដារលានតែងប្រារព្ធឡើងក្រោយរដូវប្រមូលផល ឬនៅពេលសហគមន៍មានការងាររួមសំខាន់ៗ ដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួមជួយគ្នាទាំងកម្លាំង ទាំងធនធាន និងកម្លាំងចិត្ត។
ក្នុងពិធីនេះ ប្រជាជនមិនត្រឹមតែធ្វើបុណ្យទានតាមទំនៀមទម្លាប់ សាសនៈពិធី ប៉ុន្តែថែមទាំងចូលរួមសកម្មភាពសង្គម ដូចជា ការរៀបចំអាហាររួម ការចែករំលែកធនធាន និងការពិភាក្សាបញ្ហារួមរបស់ភូមិ។បុណ្យដារលាន ឬហៅថា បុណ្យភូមិ គឺជាពិធីប្រពៃណីបុរាណរបស់សហគមន៍ជនបទខ្មែរ ដែលមានប្រភពកើតចេញពីជីវិតកសិកម្ម និងការរស់នៅជាសហគមន៍តាំងពីបុរាណកាល។ពិធីនេះកើតឡើងដោយគោលបំណងបីយ៉ាងសំខាន់ គឺ៖ (១). ប្រមូលផ្តុំប្រជាពលរដ្ឋឲ្យរួបរួមសាមគ្គី, (២). រំលឹកគុណដល់បុព្វបុរស និងធម្មជាតិ ពិសេសខមាទោសនិងដឹងគុណព្រះធរណី ដែលផ្តល់ជីវភាពរស់នៅតាមរយះផ្តល់ទិន្នផលកសិកម្ម មានស្រូវជាចម្បង និង (៣). គាំទ្រការងារសាធារណៈក្នុងភូមិ ដូចជា ការជួសជុលវត្តអារាម ផ្លូវថ្នល់ ឬសមិទ្ធផលសហគមន៍ផ្សេងៗ។
ឯកឧត្តមបានមានប្រសាសន៍ថា ក្នុងបរិបទប្រវត្តិសាស្ត្រ បុណ្យដារលានបានដើរតួនាទីជាវេទិកា “អប់រំក្រៅប្រព័ន្ធ” ដ៏សំខាន់ សម្រាប់បង្រៀនកូនចៅឲ្យស្គាល់ការគោរពចាស់ទុំ ការរួមរស់ដោយសាមគ្គីភាព ការយកចិត្តទុកដាក់ចំពោះសហគមន៍ និងការរក្សាវប្បធម៌ជាតិ។ វត្តអារាម ត្រូវបានចាត់ទុកជាមជ្ឈមណ្ឌលផ្លូវចិត្ត និងសង្គម ដែលភ្ជាប់សាសនា វប្បធម៌ និងជីវិតប្រចាំថ្ងៃឲ្យជាប់គ្នាជាឯកភាពមួយ។ តាមទស្សនៈព្រះពុទ្ធសាសនា បុណ្យដារលានស្របនឹងគោលធម៌សាមគ្គី និងមេត្តាធម៌ ដែលព្រះពុទ្ធដីកាបានត្រាស់ថា «សុខា សង្ឃស្ស សាមគ្គី»សេចក្តីសុខរបស់សង្គម កើតមានដោយសាមគ្គីភាព។ ពុទ្ធវចនៈនេះ បញ្ជាក់ថា សង្គមណាដែលប្រជាជនចេះរួមគ្នា ជួយគ្នា និងគោរពគ្នាទៅវិញទៅមក សង្គមនោះនឹងមានសុខសន្តិភាព និងអាចអភិវឌ្ឍបានយ៉ាងចីរភាព។ ដូច្នេះ បុណ្យដារលានមិនមែនជាពិធីបុណ្យប្រពៃណីធម្មតា ប៉ុន្តែជាមេរៀនប្រវត្តិសាស្ត្រ និងសីលធម៌រស់ ដែលបន្តបង្រៀនជំនាន់ក្រោយអំពីតម្លៃសាមគ្គីភាព ការទទួលខុសត្រូវរួម និងការរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរ។
សរុបមកបុណ្យដារលាន គឺជាមេរៀនរស់មួយសម្រាប់សង្គមខ្មែរ ដែលរំលេចឲ្យឃើញថា កម្លាំងពិតប្រាកដរបស់សហគមន៍ មិនមែនស្ថិតនៅលើបុគ្គលណាម្នាក់ទេ ប៉ុន្តែស្ថិតនៅលើសាមគ្គីភាព ការចែករំលែក និងការទទួលខុសត្រូវរួម។ ក្នុងន័យអប់រំ បុណ្យប្រពៃណីនេះ បង្រៀនឲ្យយើងចេះរស់នៅជាមួយគ្នា ដោយគោរពគ្នា យកចិត្តទុកដាក់គ្នា និងរួមគ្នាថែរក្សាគុណតម្លៃវប្បធម៌ និងសីលធម៌ជាតិ។
ក្នុងស្មារតីនេះ ឯកឧត្តមបានបន្តថា ក្រុមការងារគណបក្សចុះមូលដ្ឋានបន្តពង្រឹងការចុះផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋឲ្យកាន់តែជិតស្និទ្ធ ស្តាប់យល់ពីបញ្ហាពិតនៅមូលដ្ឋាន និងរួមគ្នាដោះស្រាយដោយស្មារតីទំនួលខុសត្រូវ និងមេត្តាធម៌។ ការចុះមូលដ្ឋានមិនមែនជាការចុះតាមពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែជាការចុះដើម្បីភ្ជាប់ចិត្ត ភ្ជាប់ទំនុកចិត្ត និងភ្ជាប់អនាគតរបស់សហគមន៍ជាមួយគ្នា ៕











