កំពង់ចាម៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងឯកឧត្តម កែវ រតនៈ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាយុវជនគណបក្សខេត្តកំពង់ចាម។
ពិធីសំណេះសំណាលនេះមានការចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម, ឯកឧត្ដមអនុប្រធានគណៈប្រចាំការ, ឯកឧត្ដមសមាជិកគណៈប្រចាំការ, ឯកឧត្ដម លោកជំទាវ យុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំងឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍គណៈកម្មាធិការខេត្ត និងសមាជិក សមាជិកាយុវជនគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកទូទាំងខេត្តកំពង់ចាមចំនួន ៧៥១នាក់ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកចំការលើ ខេត្តកំពង់ចាម។
បន្ទាប់ពីមតិបើករបស់ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងការពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី និងសមាជិក សមាជិកាយុវជនគណបក្សខេត្តកំពង់ចាម, ឯកឧត្តមបណ្ឌិត ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយដែលខេត្តកំពង់ចាមសម្រេចបាន ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈបក្សខេត្ត រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា និងយុវជនគណបក្សនៅទូទាំងខេត្តកំពង់ចាម។
នៅក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានជម្រាបជូនសមាជិក សមាជិកាអំពីស្ថានភាពនយោបាយនៅក្នុងប្រទេស, ជម្លោះព្រំដែនកម្ពុជា-ថៃ,ការខិតខំរបស់រាជរដ្ឋាភិបាល និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលដែលសម្រេចបានរយះពេលកន្លងមកនេះ។
ឯកឧត្ដមក៏បានលើកឡើងអំពីនយោបាយការទូតរបស់កម្ពុជា ជាមួយនឹងភាពប៉ិនប្រសប់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីទប់ស្កាត់បទឈប់បាញ់ ដោយកម្ពុជាដាក់ចេញកំណត់ការទូតជាបន្តបន្ទាប់។ ឯកឧត្ដមបានបញ្ជាក់ថា សម្តេចតេជោ និងសម្តេចធិបតី មិនរត់ចោលប្រទេស និងប្រជាជនឡើយ គឺនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។ ដូច្នេះបងប្អូនត្រូវតែជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។
អង្គពិធីបានប្រព្រឹត្តទៅយ៉ាងផុលផុស ដោយមានការចូលរួមជាសំណួរ,មតិយោបល់ និងសំណូមពរ ជាច្រើនពីសំណាក់សមាជិក សមាជិកាយុវជន ដោយផ្តោតជាសំខាន់លើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ,ការដោះស្រាយបញ្ហាព្រំដែន ជាដើម។
ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម កែវ រតនៈ បានធ្វើការបកស្រាយ បំភ្លឺយ៉ាងក្បោះក្បាយ និងបានសំណូមពរដល់បងប្អូនយុវជនគណបក្សទាំងអស់ កុំឲ្យចាញ់បោកការឃោសនា ឬឧបាយកល់របស់ពួកប្រឆាំងជ្រុលនិយម ដែលតែងតែប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមជាមធ្យោបាយវាយប្រហារ អុជអាល ញុះញង់ និងមួលបង្កាច់មកលើរាជរដ្ឋាភិបាល និងគណបក្ស ដើម្បីបង្កភាពវឹកវរ និងចលាចលនៅក្នុងសង្គម ។ ពិតណាស់នៅក្នុងសង្គមប្រជាធិបតេយ្យ ជាពិសេសក្នុងសម័យឌីជីថល សតិអារម្មណ៍របស់ប្រជាពលរដ្ឋប្រែប្រួលគ្រប់ពេលវេលា តាមរយៈការនៅលាយឡំគ្នារវាងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ បានធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រលំ និងមានការលំបាកក្នុងការកំណត់ឱ្យច្បាស់ថា តើព័ត៌មានណាពិត និងព័ត៌ណាក្លែងក្លាយ។ ដូច្នេះ ការងារសតិអារម្មណ៍ គឺជាការងារប្រចាំថ្ងៃ ដែលយើងត្រូវធ្វើជាប់ជាប្រចាំដូចភ្លៀងរលឹម។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម កែវ រតនៈ ក៏បានសំណូមពរឲ្យបងប្អូនយុវជនទាំងអស់ បន្តការគាំទ្រជឿជាក់ និងជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងសូមកុំធ្វើសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពជួរមុខ ខណៈដែលយើងត្រូវរួបរួមសាមគ្គីគ្នា ដើម្បីការពារជាតិ និងទឹកដីយើងទាំងអស់គ្នា ជាពិសេស កុំជឿ ឬ ចូលរួមផ្សព្វផ្សាយព័ត៌មានភូតកុហកគ្រប់រូបភាពរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលតែងញុះញង់ បណ្តុះគំនិតហឹង្សាដោយចេតនា ក្នុងគោលដៅបំបែកបំបាក់សាមគ្គីជាតិរបស់កម្ពុជាយើង។
តាមរយៈវេទិកានេះ សមាជិក សមាជិកាយុវជនបានចាត់ទុកថា វេទិការនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្តល់នូវព័ត៌មានពិត,ចំណេះដឹង,បទពិសោធន៍,កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងសមិទ្ធផលនានាដែលសម្រេចបានក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី និងបានសំណូមពរឱ្យយុវជនគណបក្សថ្នាក់កណ្ដាល រៀបចំពិធីនេះទៅតាមបណ្ដាខេត្តផ្សេងទៀត។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ហ៊ុន ម៉ានិត ដែលបានផ្តល់នូវទីតាំងយ៉ាងល្អសម្រាប់រៀបចំពិធី និងបានផ្តល់នូវអាហាសម្រន់សម្រាបសមាជិក សមាជិកាទាំង ៧៥១នាក់ផងដែរ។ បន្ថែមមពីនេះ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម កែវ រតនៈ ដែលបានឧបត្ថម្ភដល់សមាជិក សមាជិកាចូលរួមផងដែរ ៕

























