ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាលិខិតក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាលិខិតក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី


ភ្នំពេញ៖
មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញមកច្រានចោលលិខិតចំនួន ២សន្លឹក ពាក់ព័ន្ធនឹងការផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់សម្រាប់យកធ្វើផ្លូវ ផ្ទះ អគារ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាដើម) ទៅក្រៅប្រទេស ដោយអះអាងថា ជាលិខិតក្លែងក្លាយ ដែលធ្វើឡើងដោយក្រុមឈ្មួញទុច្ចរិត សម្រាប់បោកប្រាស់ក្រុមអ្នកវិនិយោគតែប៉ុណ្ណោះ។

បើតាមឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា លិខិតទាំង២សន្លឹកនេះ គឺជាលិខិតក្លែងក្លាយ ដែលក្រុមទុច្ចរិត បានបង្កើតឡើង ក្នុងន័យបោកប្រាស់អ្នករកស៊ីនៅក្នុងវិស័យរ៉ែ។

ឯកឧត្តមបានអះអាងថា ជាគោលការណ៍ក្រសួងរ៉ែ និងថាមពល មិនបានផ្តល់សិទ្ធិឲ្យមន្ទីររ៉ែ និងថាមពលតាមរាជធានី-ខេត្ត មានសិទ្ធិក្នុងការចុះកិច្ចសន្យា ឬផ្តល់កូតានាំចេញថ្មសំណង់នោះទេ។

បន្ថែមពីនេះ ឯកឧត្តម អ៊ឹង ឌីប៉ូឡា បានគូសបញ្ជាក់ថា សម្រាប់ថ្មសំណង់នេះ រាជរដ្ឋាភិបាលកម្ពុជាតាំងពីសម្តេចតេជោ ហ៊ុន សែន និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានហាមឃាត់ក្នុងការនាំចេញទៅក្រៅប្រទេស។

ឯកឧត្តមថា «បទបញ្ជានេះ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីចុងឆ្នាំ២០២៤ កន្លងទៅ បានប្រកាសជាសាធារណៈ ដោយហាមឃាត់ការនាំចេញថ្មសំណង់​ ទៅក្រៅប្រទេស ពោលទុកសម្រាប់តែប្រើប្រាស់តែក្នុងស្រុកប៉ុណ្ណោះ។ ការអនុញ្ញាតឲ្យនាំចេញ មានតែថ្មអារ ដែលជាថ្មអារជាបន្ទះ និងកាត់ជាដុំៗ»។

ឯកឧត្តម អ៊ឹង ឌីប៉ូឡា ក៏បានអំពាវនាវឲ្យអ្នកវិនិយោគ ឬអ្នករកស៉ីនៅក្នុងវិស័យរ៉ែ សូមផ្ទៀងផ្ទាត់ព័ត៌មាន និងសិក្សាព័ត៌មានឱ្យបានច្បាស់លាស់ចៀសវាងចាញ់បោកក្រុមរត់ការ និងក្រុមទុច្ចរិតទាំងនេះ ជាពិសេសអាចទំនាក់ទំនងមកលេខ Hot line របស់ក្រសួងរ៉ែ និងថាមពល 095 727 727 ឬក៏ Facebook ផ្លូវការរបស់ក្រសួងរ៉ែ និងថាមពល។

សូមបញ្ជាក់ថា ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីចុងឆ្នាំ២០២៥ បានបញ្ជាក់ថា ចំណូលដែលបានមកពីវិស័យរ៉ែ ដោយមិនទាន់បូកចំណូលពន្ធ និងអាករនាំចេញ ក្នុងប្រទេសកម្ពុជា មានចំនួន ៩៤,៣លានដុល្លារក្នុងឆ្នាំ២០២៤ និងមានការកើនឡើងដល់ ១៣៥,៥លានដុល្លារ សម្រាប់ឆ្នាំ២០២៥ ដោយបានបង្កើតការងារដោយផ្ទាល់ជាង ១២.០០០នាក់។

បើតាមឯកឧត្តម អ៊ឹង ឌីប៉ូឡា, សម្រាប់ជនទុច្ចរិត ដែលក្លែងបន្លំលិខិតទាំង២សន្លឹកនេះ ក្រសួងរ៉ែ និងថាមពល កំពុងធ្វើការស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ជាធរមាន ៕

Previous Post Next Post