ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការក្នុងខេត្តតាកែវ នាំសហព័ទ្ធ (ប្តីឬប្រពន្ធ) និងកូនក្នុងបន្ទុកមកចុះឈ្មោះជាសមាជិក ប.ស.ស. ដើម្បីទទួលបានសេវាព្យាបាលដោយឥតគិតថ្លៃ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការក្នុងខេត្តតាកែវ នាំសហព័ទ្ធ (ប្តីឬប្រពន្ធ) និងកូនក្នុងបន្ទុកមកចុះឈ្មោះជាសមាជិក ប.ស.ស. ដើម្បីទទួលបានសេវាព្យាបាលដោយឥតគិតថ្លៃ


តាកែវ៖
មន្រ្តីរាជការដែលមានសហព័ទ្ធ (ប្តីឬប្រពន្ធ) និងកូនក្នុងបន្ទុក សូមអញ្ជើញមកចុះបញ្ជីចូលជាសមាជិក ប.ស.ស. ដើម្បីទទួលបានសេវាពិនិត្យ ព្យាបាល និងថែទាំសុខភាព ដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យជាដៃគូ ប.ស.ស.។ នេះជាការអំពាវនាវរបស់ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាសហធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ" ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទរដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដោយមានអ្នកចូលរួមប្រមាណជា១៩០នាក់។

ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានបន្តទៀតថា នៅក្នុងខេត្តតាកែវ មន្រ្តីរាជការដែលចុះបញ្ជីជាមួយ ប.ស.ស. មានចំនួនជាង ២ម៉ឺន ៤ពាន់នាក់ ប៉ុន្តែមានមន្រ្តីរាជការចំនួន ៧.២៨៣នាក់ នៃចំនួនមន្រ្តីរាជការសរុបក្នុងខេត្តតាកែវ ដែលបានចុះបញ្ជីអ្នកក្នុងបន្ទុករបស់ពួកគាត់ ក្នុងនោះមានសហព័ទ្ធចំនួន ៥.០៨១នាក់ និងកូនក្នុងបន្ទុកចំនួន ៩.២១៤នាក់។

ជាទីបញ្ចប់ ឯកឧត្តមអគ្គនាយករង ប.ស.ស. បានស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សូមជួយផ្សព្វផ្សាយខ្លឹមសារបន្ត និងនាំសមាជិកគ្រួសារដែលស្ថិតក្នុងបន្ទុករបស់ខ្លួនដើម្បីទៅចុះឈ្មោះជាសមាជិក ប.ស.ស. នៅគ្រប់សាខា ប.ស.ស. ដែលនៅជិតលោកអ្នកបំផុតឱ្យបានគ្រប់ៗគ្នា ដើម្បីក្លាយជាសមាជិក ប.ស.ស. និងទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម ស្របតាមបទប្បញ្ញត្តិជាធរមានផងដែរ។

ក្នុងឱកាសជាមួយគ្នានោះដែរ លោកបណ្ឌិត មូល វិចិត្រ អភិបាលរង តំណាង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ការយល់ដឹងអំពីរបបសន្តិសុខសង្គម មិនមែនគ្រាន់តែជាការដឹងអំពីកាតព្វកិច្ចនោះទេ ប៉ុន្តែវាគឺជាការការពារសិទ្ធិ និងសុខុមាលភាពផ្ទាល់ខ្លួនរបស់មន្ត្រីរាជការយើងគ្រប់រូប។ 

លោកបណ្ឌិតអភិបាលរង បានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពីការធ្វើបទបង្ហាញដោយមន្ត្រីជំនាញ ប.ស.ស. ដើម្បីយល់ឱ្យច្បាស់ពីនីតិវិធី និងអត្ថប្រយោជន៍ផ្សេងៗដែលត្រូវទទួលបាន ជាពិសេសសូមឱ្យមន្ទីរ អង្គភាព និងអាជ្ញាធរក្រុង/ស្រុក/ឃុំ/សង្កាត់ ជួយផ្សព្វផ្សាយបន្តដល់មន្ត្រីក្រោមឱវាទ ដែលមិនបានមកចូលរួមនៅទីនេះ ដើម្បីឱ្យពួកគាត់បានជ្រួតជ្រាប និងប្រើប្រាស់សិទ្ធិរបស់ខ្លួនបានត្រឹមត្រូវ ៕












Previous Post Next Post