កំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃច័ន្ទ ១៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំង បានដឹកនាំក្រុមការងារចុះមូលដ្ឋានសហការជាមួយក្រុមប្រឹក្សាឃុំដំណាក់រាំង ជួបសំណេះសំណាល និងនាំយកអំណោយគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ និងថវិកាមួយចំនួន របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ចែកជូនដល់គ្រួសារកងទ័ពជួរមុខចំនួន ១៦គ្រួសារ រស់នៅឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឈួរ សុបញ្ញា បាននាំយកនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ពិសេសឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នូវការនឹករលឹក ការគិតគូរ និងស្រឡាញ់កងទ័ព កងនគរបាលយើង ដោយបានបញ្ជាក់ពីស្មារតីស្នេហាជាតិ ការពារជាតិក្នុងការការពារខឿនការពារជាតិ។
ឯកឧត្តមបានថ្លែងអំណរគុណ និងចូលរួមរំលែកនូវទុក្ខលំបាកដល់គ្រួសារវីរកងទ័ពជួរមុខ ជាពិសេស ក្រុមគ្រួសារមានសមាជិកបានលះបង់ និងពលីជីវិតនៅក្នុងសង្រ្គាមឈ្លានពានទឹកដី ដែលនេះគឺជាការលះបង់ដ៏ធំធេង និងគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះប្រជាជាតិកម្ពុជាទាំងមូលដែលយើងគ្រប់គ្នាត្រូវតែគោរពស្រឡាញ់ដឹងគុណ និងផ្តល់តម្លៃជាវីរបុរសរបស់ជាតិសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមគ្រួសារកងទ័ពទាំងអស់ ដើម្បីធានាថាពួកគាត់ទទួលបានការគាំទ្រ និងជំនួយចាំបាច់ផ្សេងៗ ខណៈដែលស្វាមី កូន ឬបងប្អូន របស់ពួកគាត់កំពុងបំពេញភារកិច្ចដ៏ថ្លៃថ្លាការពារជាតិ។
ជាមួយគ្នានេះដែរ ឯកឧត្តម ឈួរ សុបញ្ញា ក៏បានណែនាំដល់អជ្ញាធរគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅជាប្រចាំដល់ក្រុមគ្រួសារកងទ័ពនៅក្នុងមូលដ្ឋានខេត្តរបស់ខ្លួន។ ការយកចិត្តទុកដាក់នេះ គឺជាការលើកទឹកចិត្តដ៏ធំធេង សម្រាប់កងទ័ព ដែលកំពុងបំពេញបេសកកម្មនៅជួរមុខឱ្យមានកម្លាំងចិត្ត និងជឿជាក់ថា ក្រុមគ្រួសាររបស់ខ្លួននៅជួរក្រោយទទួលបានការមើលថែដិតដល់។ ក្នុងកម្មវិនេះ ក៏បានិមន្តព្រះសង្ឃព្រះភិក្ចុ ម៉ាប់ សុខខឿន ប្រោសព្រំមង្គលសួស្តីដល់ក្រុមគ្រួសារផងដែរ ៕













