ឯកឧត្តម ឈួរ សុបញ្ញា៖ យុវជនគ្រប់រូបត្រូវយល់ថា ការរក្សាសន្តិភាព គឺជាការទទួលខុសត្រូវរួម ដោយបន្តគុណតម្លៃកតញ្ញូ ស្មោះត្រង់ និងការបម្រើសង្គមជាតិ ដើម្បីឱ្យកម្ពុជារឹងមាំ និងចីរភាពជានិច្ច
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ឈួរ សុបញ្ញា៖ យុវជនគ្រប់រូបត្រូវយល់ថា ការរក្សាសន្តិភាព គឺជាការទទួលខុសត្រូវរួម ដោយបន្តគុណតម្លៃកតញ្ញូ ស្មោះត្រង់ និងការបម្រើសង្គមជាតិ ដើម្បីឱ្យកម្ពុជារឹងមាំ និងចីរភាពជានិច្ច


កំពង់ស្ពឺ៖
កាលពីល្ងាចថ្ងៃចន្ទ ១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានយុវជនគណបក្សក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមដឹកនាំក្នុងពិធីបដិបត្តិសមាធិ ដើម្បីឧទ្ទិសកុសលដល់វិរៈកងទ័ព ដែលបានពលីជីវិត និងលះបង់កម្លាំងកាយចិត្ត ដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ។ ពិធីដ៏មានន័យជ្រាលជ្រៅនេះបានប្រារព្ធឡើងនៅ វត្តអង្គតាភេម ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំដោយព្រះគ្រូ ឆន ម៉ៅមេត្តា។

ឯកឧត្តម ឈួរ សុបញ្ញា បានមានប្រសាសន៍ថា ពិធីបដិបត្តិសមាធិ មិនត្រឹមតែជាសកម្មភាពសាសនាប៉ុណ្ណោះទេ ប៉ុន្តែជាវិធីសាស្ត្រដ៏សំខាន់ក្នុងការបណ្តុះស្មារតីកតញ្ញូ ការយល់ដឹង និងការចងចាំប្រវត្តិសាស្ត្រជាតិ។ តាមរយៈការស្ងប់ចិត្ត ការគ្រប់គ្រងអារម្មណ៍ និងការប្រមូលផ្តុំស្មារតីល្អ។ ពុទ្ធបរិស័ទបានរំលឹកដល់គុណបំណាចដ៏ធំធេងរបស់វិរៈកងទ័ព ដែលបានឈរជើងនៅជួរមុខក្នុងស្ថានភាពគ្រោះថ្នាក់ ដើម្បីរក្សាឱ្យប្រជាជននៅជួរក្រោយបានរស់នៅក្នុងសន្តិភាព សុវត្ថិភាព និងសេចក្តីសុខសាន្ត។

ជាមួយគ្នានេះ ពិធីក៏បានបណ្តុះស្មារតីកតញ្ញូ និងការគោរពដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានដឹកនាំប្រទេសជាតិឆ្លងកាត់ដំណាក់កាលលំបាក ប្រកបដោយចក្ខុវិស័យ ការទទួលខុសត្រូវ និងការលះបង់ផ្ទាល់ខ្លួន ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិយ៉ាងចីរភាព។ សន្តិភាពដែលប្រជាជនកម្ពុជាកំពុងទទួលបានសព្វថ្ងៃ មិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែកើតចេញពីកម្លាំងប្រាជ្ញា កម្លាំងចិត្ត និងការលះបង់របស់ថ្នាក់ដឹកនាំ និងកងទ័ពជាបន្តបន្ទាប់។

ឯកឧត្តម ឈួរ សុបញ្ញា បានបន្តទៀតថា ព្រះពុទ្ធសាសនា ការដឹងគុណ និងសងគុណ (កតញ្ញូ–កតវេទិតា) គឺជាគុណធម៌ខ្ពង់ខ្ពស់មួយរបស់មនុស្ស។ ការឧទ្ទិសកុសលដល់វិរៈកងទ័ព គឺជាការអនុវត្តគុណធម៌នេះឱ្យក្លាយជាជីវិតជាក់ស្តែង ដោយប្រែក្លាយសេចក្តីគោរព និងការចងចាំទៅជាការបន្តរក្សាសន្តិភាព ការរួបរួមសាមគ្គី និងការបំពេញភារកិច្ចរបស់ខ្លួនចំពោះសង្គមជាតិ។

ពិធីបដិបត្តិសមាធិនេះ ក៏ជាសារអប់រំដ៏មានតម្លៃសម្រាប់យុវជន និងជំនាន់ក្រោយ ឱ្យយល់ថា សេរីភាព និងសន្តិភាពមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែជាផលនៃការលះបង់របស់អ្នកជំនាន់មុនៗ។ ការរក្សាជាតិមាតុភូមិ មិនត្រឹមតែដោយអាវុធប៉ុណ្ណោះទេ ប៉ុន្តែដោយស្មារតី សីលធម៌ ការរួបរួម និងការទទួលខុសត្រូវរួមរបស់ប្រជាជនគ្រប់រូប។

ដោយឡែក ពិធីនេះបានបង្ហាញយ៉ាងច្បាស់ថា សាសនាមានតួនាទីសំខាន់ក្នុងការពង្រឹងស្មារតីជាតិ បណ្តុះសីលធម៌សង្គម និងភ្ជាប់អតីតកាល បច្ចុប្បន្ន និងអនាគត ឱ្យក្លាយជាខ្សែច្រវ៉ាក់តែមួយ ដើម្បីឱ្យកម្ពុជាបន្តដើរទៅមុខដោយសន្តិភាព សាមគ្គី និងការអភិវឌ្ឍប្រកបដោយចីរភាព ៕















Previous Post Next Post