ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្រ្តៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសជ័យមង្គលខួបអនុស្សាវរីយ៍ ២០ឆ្នាំ របស់សម្ដេច និងលោកជំទាវបណ្ឌិត។
សារលិខិតគោរពជូនពររបស់ឯកឧត្តម សុខ សូកេន មានខ្លឹមសារដូចតទៅ៖ «សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! ក្នុងឱកាសដ៏មង្គលសួស្តីប្រកបដោយមនោសញ្ចេតនាសោមនស្សរីករាយនៃថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់ ២០ឆ្នាំ របស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ និងភរិយា សូមសម្តែងនូវអំណរសាទរ ពោរពេញដោយមនោសញ្ចេតនាគោរពស្រលាញ់យ៉ាងជ្រាលជ្រៅបំផុត និងសូមគោរពជូនពរ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំនាវាកម្ពុជាឱ្យមានការអភិវឌ្ឍកាន់តែប្រសើរឡើងលើគ្រប់វិស័យ។
ក្នុងឱកាសដ៏បវរមហាប្រសើរនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ក្នុងការចូលរួមចំណែកថែរក្សានិងការពារសន្តិភាព ស្ថិរភាពនយោបាយ បូរណភាពទឹកដី អធិបតេយ្យភាព និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
ឆ្លៀតក្នុងទិវាខួបអាពាហ៍ពិពាហ៍ដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំ សព្ទសាធុការពរគ្រប់ប្រការ ជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ និងសូមសមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះបំផុតពីយើងខ្ញុំទាំងអស់គ្នា» ៕


