ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ សូ ភត្រ្តា ចាយបូរិន បានដឹកនាំប្រតិភូក្រសួងធម្មការ និងសាសនា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម តុប សារឿន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដែលបានទទួលមរណភាព កាលពីយប់ថ្ងៃសៅរ៍ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ។
ក្នុងខណៈពេលវេលាដ៏សែនក្រៀមក្រំនេះ ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន បានធ្វើលិខិតរំលែកមរណទុក្ខផ្ញើជូន លោកជំទាវ ឃឹម ប៊ុនណារ៉ា ព្រមទាំងក្រុមគ្រួសារ ដោយបានគូសបញ្ជាក់ថា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងធម្មការនិងសាសនា និងក្នុងនាម ឯកឧត្តមផ្ទាល់ ពិតជាមានសេចក្តីក្ដុកក្ដួលនិងសោកស្តាយយ៉ាងក្រៃលែង នូវពេលទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តម តុប សារឿន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ត្រូវជាស្វាមីរបស់ លោកជំទាវ ដែលបានទទួលមរណភាពទៅគួរឲ្យសោកស្តាយបំផុត។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ឯកឧត្តម តុប សារឿន ជាឥស្សរជនមួយរូបដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី ក្នុងបុព្វហេតុជាតិ មាតុភូមិ និង ប្រជាជន ជាពិសេសបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនាមួយរូប ប្រកបដោយប្រាជ្ញានិងជាធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិ។ ទន្ទឹមគ្នានេះ មរណភាពរបស់ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏ជាការបាត់បង់នូវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ដ៏សំខាន់មួយរូប ដែលបានរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា។
ការទទួលមរណភាពរបស់ ឯកឧត្តម តុប សារឿន ជាការបាត់បង់នូវឧត្តមស្វាមី ឪពុកបង្កើត ឪពុកក្មេក បងប្រុស ជីតា និងគ្រូបាធ្យាយគំរូប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ និងជាទីគោរពស្រលាញ់ ដែលកន្លងមកបានចិញ្ចឹមបីបាច់ ថែរក្សា អប់រំ និងបណ្តុះបណ្តាលបញ្ញាស្មារតីដល់ប្អូនៗ កូនៗ ចៅៗ និងសិស្សនិស្សិតឱ្យមានចំណេះដឹងជ្រៅជ្រះ និងក្លាយជាធនធានដ៏ល្អនៅក្នុងសង្គម។
ក្នុងវេលាប្រកបដោយក្តីវិយោគ និងសេចក្តីសោកសង្រេងនេះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ ក្នុងនាមថ្នាក់ដឹកនាំក្រសួង សូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក និងសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម តុប សារឿន សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា សពរបស់ ឯកឧត្តម តុប សារឿន ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តពោធិសត្ថារាម (ហៅវត្តពោធិ៍ចិនតុង) ស្ថិតនៅភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយឡែកចំពោះពេលវេលាបូជាសព និងប្រារព្ធនៅវេលាម៉ោង៧:០០នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ៕









