ភ្នំពេញ៖ ឯកឧត្ដម ឈួរ សុបញ្ញា ប្រធានក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ សូមផ្ញើសារលិខិតគោរពជូនពរ ជូនចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ក្នុងឱកាសនៃពិធីជម្រើនជន្មាយុគម្រប់ ៤៥ ឈានចូល ៤៦ឆ្នាំ។
សារលិខិតគោរពជូនពររបស់ឯកឧត្ដម ឈួរ សុបញ្ញា មានខ្លឹមសារដូចតទៅ៖ «នៅក្នុងឱកាសដ៏មហាសិរីមង្គលាភិរម្យប្រសើរថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយបំផុតនៅក្នុង ឱកាសពិធីចម្រើនជន្មាយុវឌ្ឍនមង្គលរបស់ លោកជំទាវបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ និងក្នុងនាមរូបខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអំណរសាទរយ៉ាងក្រៃលែង និងសូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះ លោកជំទាវបណ្ឌិត សូមសមប្រកបដោយបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ កាយពលមាំមួនខ្លាំងក្លា សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ និងចាកផុតពីរោគាព្យាធិនានា។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសេចក្តីស្រឡាញ់ ការគោរព និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅជូនចំពោះ លោកជំទាវបណ្ឌិត ដែលបានបំពេញភារកិច្ចជាមេ ដឹកនាំស្ត្រី ដោយយកព្រះធម៌ជាគ្រឹះ ដូចព្រះពុទ្ធដីកាដែលបានត្រាស់ថា៖ “ធម្មោ ហវេ រក្ខតិ ធម្មចារី : ព្រះធម៌ រមែងថែរក្សាអ្នកប្រព្រឹត្តតាមធម៌”។ ការលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតីរបស់ លោកជំទាវបណ្ឌិត គឺជាគំរូនៃការប្រព្រឹត្តធម៌ក្នុងជីវិតសាធារណៈ និងជាធម៌ដ៏មានតម្លៃចំពោះសង្គមជាតិ។ ការប្រកបដោយក្តីមេត្តា ករុណា និងកតញ្ញូតាធម៌ លោកជំទាវបណ្ឌិត បានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់គុណតម្លៃ សីលធម៌ សេចក្តីថ្លៃថ្នូរ ភាពអង់អាច និងតួនាទីរបស់ស្ត្រីក្នុងសង្គម តាមរយៈការដឹកនាំចលនាកាកបាទក្រហម កម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងសមាគមកាយឫទ្ធិនារីកម្ពុជា ឱ្យទទួលបានជោគជ័យ ជាបន្តបន្ទាប់ ទាំងក្នុងប្រទេស តំបន់ និងលើឆាកអន្តរជាតិ។ សកម្មភាពទាំងនេះ ស្របតាមព្រះធម៌ដែលបាន ត្រាស់ថា «មេត្តា វិហារំ ភាវេយ្យ : គប្បីបណ្តុះមេត្តាចិត្តឱ្យក្លាយជាលំនៅនៃជីវិត»។ ជាពិសេស យើងខ្ញុំសូមគោរពកោតសរសើរយ៉ាងខ្ពង់ខ្ពស់ ចំពោះការចូលរួមគាំទ្រ និងលើកទឹកចិត្តដ៏មុតមាំរបស់ លោកជំទាវបណ្ឌិត ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិ ដោយយកធម៌ជាគោលដៅយកប្រយោជន៍ប្រជាជនជាមធ្យោបាយ ដើម្បីបន្តរក្សាសុខ សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមព្រះពុទ្ធដីកា៖ «សុខា សង្ឃស្ស សាមគ្គី: សាមគ្គីរមែងនាំមកនូវសុខ»។
ជាថ្មីម្តងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី បុណ្យបារមី ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មេត្តាជួយបីបាច់ថែរក្សា និងអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះ លោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយព្រះពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មេត្តាទទួលនូវសេចក្តីស្រឡាញ់ការគោរពរាប់អាន និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតពីយើងខ្ញុំ» ៕




