ដោយបានឃើញនូវព្រឹត្តិការណ៍កាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បងប្អូនអាជីវករលក់ដូរតាមចិញ្ចើមផ្លូវ និងលើទ្រូងផ្លូវជុំវិញផ្សារដើមគរចាស់ បាននាំគ្នាតវ៉ារហូតដល់បិទផ្លូវ បន្ទាប់ពីអាជ្ញាធរ រាជធានីភ្នំពេញ កំណត់ឲ្យបញ្ឈប់ការលក់ដូរ និងផ្លាស់ប្តូរទៅលក់នៅផ្សារដើមគរថ្មី ចាប់ពីថ្ងៃទី១៨ ខែមករា តទៅ។
ក្នុងបរិបទនេះ ការចុះសម្របសម្រួលរបស់ឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួន ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ គឺជាគំរូនៃការដោះស្រាយបញ្ហាដោយសន្ទនា និងសន្តិវិធី ដែលបញ្ជាក់ថា ប្រសិនបើអាជ្ញាធរ និងអាជីវករ អាចដើរទៅមុខជាមួយគ្នាដោយការយោគយល់ កិត្តិយស និងទំនួលខុសត្រូវ នោះរាជធានីភ្នំពេញយើងនឹងមានសណ្តាប់ធ្នាប់ សេដ្ឋកិច្ចមូលដ្ឋាននឹងរឹងមាំ ហើយជីវភាពអាជីវករ នឹងអាចអភិវឌ្ឍដោយសុខដុមនីយកម្ម និងចីរភាពយូរអង្វែង។
បើមើលពីព្រឹត្តិការណ៍នេះ មិនមែនជារឿងតវ៉ាធម្មតានោះទេ ប៉ុន្តែជាកញ្ចក់ឆ្លុះបញ្ចាំងពីវិន័យសង្គម កម្រិតការយល់ដឹង និងការទទួលខុសត្រូវរបស់អាជីវករ ក្នុងបរិបទរាជធានីកំពុងអភិវឌ្ឍ ព្រោះជីវភាពអាជីវករ មិនអាចបំបែកចេញពីសណ្តាប់ធ្នាប់សង្គមបានឡើយ។ ការប្រកបអាជីវកម្មដោយមិនគោរពច្បាប់ មិនគោរពសុវត្ថិភាព និងអនាម័យ គឺស្មើនឹងការបំផ្លាញមូលដ្ឋានអាជីវកម្មនិងមុខមាត់សង្គមរបស់ខ្លួនឯងនៅរយៈពេលវែង ខណៈអាជីវករដែលមានទីតាំងលក់ច្បាស់លាស់ មានរបៀបរៀបរយ មានវិន័យ និងគោរពផលប្រយោជន៍សាធារណៈ នឹងអាចបង្កើតទំនុកចិត្តពីអតិថិជន និងរក្សាជីវភាពបានដោយចីរភាព។
ជាក់ស្តែង លោកផ្ទាល់ធ្លាប់មានបទពិសោធន៍កាលពីប្រមាណ២៥ឆ្នាំមុន ក្នុងការទិញឥវ៉ាន់ពីផ្សារដើមគរ ដែលនៅសម័យនោះ អាជីវករលក់ដូរមានវិន័យខ្ពស់ណាស់ គឺពេលថ្ងៃគេចូលលក់នៅក្នុងផ្សារ ដោយគោរពសណ្តាប់ធ្នាប់ និងអនាម័យ ខណៈពេលយប់ អាជីវករខ្លះចេញមកលក់ខាងក្រៅបានចាប់ពីពាក់កណ្តាលអាធ្រាត្រដល់ត្រឹមម៉ោង៦:០០ព្រឹកតែប៉ុណ្ណោះ ហើយលក់ដោយមានកំណត់ មានរបៀបរៀបរយ មិនរញ៉េរញ៉ៃ មិនរំលោភលើទ្រូងផ្លូវ និងមិនបង្កការរាំងស្ទះចរាចរណ៍ឡើយ។
ទន្ទឹមនឹងនេះ លោកក៏ត្រូវទទួលស្គាល់ថា អាជីវករមួយចំនួន មានក្តីកង្វល់ពិតប្រាកដអំពីការបាត់បង់អតិថិជន ចំណូល និងការសម្របខ្លួនក្នុងដំណាក់កាលដំបូងនៃការផ្លាស់ប្តូរ ដែលក្តីកង្វល់ទាំងនេះ គួរត្រូវបានដោះស្រាយដោយវិធានការគាំទ្រ និងការសន្ទនាដោយយោគយល់។ ផ្ទុយទៅវិញ ក៏មានក្រុមអាជីវករឱកាសនិយមមួយចំនួន ឆ្លៀតប្រើភាពតានតឹង ដើម្បីជំរុញការតវ៉ាបិទផ្លូវ ឬបង្កស្ថានការណ៍ឲ្យរឹតតែធ្ងន់ធ្ងរ ដើម្បីអត្ថប្រយោជន៍ផ្ទាល់ខ្លួន ដែលអាកប្បកិរិយាបែបនេះ មិនត្រឹមតែមិនជួយដោះស្រាយបញ្ហាជីវភាពទេ ប៉ុន្តែថែមទាំងបំផ្លាញកិត្តិយសរបស់អាជីវករភាគច្រើន និងប៉ះពាល់ដល់សង្គមទាំងមូល។ សារអប់រំដ៏សំខាន់ ដែលសង្គមជារួម ដោយឡែកសម្រាប់អាជីវករគួរយកចិត្តទុកដាក់គឺ ការតវ៉ាទាំងអស់មិនមែនជាអំណាច ប្រសិនបើគ្មានវិន័យ ការបិទផ្លូវមិនមែនជាដំណោះស្រាយ ប្រសិនបើគ្មានហេតុផល ហើយជីវភាពមិនអាចកសាងលើការរំលោភផលប្រយោជន៍សាធារណៈបានឡើយ។ ដូច្នេះ អាជីវករគួរយល់ថា ទីផ្សារ គឺជាសាលារៀនជីវិត ដែលបង្រៀនអំពីវិន័យ ការអត់ធ្មត់ ការគោរពច្បាប់ និងការរស់នៅរួមក្នុងសង្គម ដែលទាំងអស់នេះ ជាមូលដ្ឋានសម្រាប់អាជីវកម្មទំនើប និងសង្គមរស់នៅមានវប្បធម៌ខ្ពស់ ៕






