គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្តឹងទៅស្ថានទូតបារាំង បញ្ជូនទៅរដ្ឋាភិបាលបារាំង ឱ្យពិនិត្យមើលអ្នករាយការណ៍ព័ត៌មាន TV France 24 ដែលធ្វើការនៅបាងកក ក្រោយផ្សាយខុសពីការពិតជាច្រើនដង និងលម្អៀងទៅថៃ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្តឹងទៅស្ថានទូតបារាំង បញ្ជូនទៅរដ្ឋាភិបាលបារាំង ឱ្យពិនិត្យមើលអ្នករាយការណ៍ព័ត៌មាន TV France 24 ដែលធ្វើការនៅបាងកក ក្រោយផ្សាយខុសពីការពិតជាច្រើនដង និងលម្អៀងទៅថៃ


ភ្នំពេញ៖
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានផ្ញើលិខិតជូនលោក អូលីវែរ រីឆាត (Olivier Richard) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ សាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា អំពីសីលធម៌របស់លោក Matt Hunt អ្នកកាសែតឯករាជ្យម្នាក់ ដែលបម្រើការងារឱ្យសារព័ត៌មាន France 24 ដែលមានមូលដ្ឋាននៅប្រទេសថៃ ទាក់ទងនឹងការរាយការណ៍ដែលមានលក្ខណៈវិនិច្ឆ័យដោយលម្អៀង និងការអត្ថធិប្បាយជាលក្ខណៈផ្ទុយរបស់គាត់ស្តីពីជម្លោះ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រវាងកម្ពុជា និងថៃ ជាពិសេសអត្ថបទដែលមានចំណងជើងថា «ប្រទេសថៃ ធ្វើការវាយប្រហារតាម អាកាសដើម្បីការពារខ្លួនបន្ទាប់ពីការប៉ះទង្គិចគ្នានៅតាមព្រំដែន ដែលបានសម្លាប់ទាហានថៃ»។

គ.ស.ម.ក ចាំបាច់ត្រូវតែបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួនចំពោះរបាយការណ៍ខាងលើ ព្រោះវាបង្ហាញពីការរៀបរាប់មួយ ដែលមានគោលបំណងបម្រើផលប្រយោជន៍ខ្លួនឯងដោយបំភាន់ និងដើម្បីឱ្យមានការយល់ច្រឡំ មិនឆ្លុះបញ្ចាំងពីស្ថានភាពពិតជាក់ស្តែងអំពីករណីព្រំដែនកម្ពុជា-ថៃ ហើយក៏មិនស្របតាមស្តង់ដារ សារព័ត៌មាន ដែលអ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់ជាមូលដ្ឋាននូវភាពត្រឹមត្រូវ ភាពមិនលម្អៀង និងភាពយុត្តិធម៌។ ដោយមិនរិះគន់ចំពោះការវាយប្រហារតាមអាកាស ហើយបែរជាផ្សាយថាជាសកម្មភាព «ការពារខ្លួន» ការរាយការណ៍នេះពឹងផ្អែកលើលេសដែលប្រតិដ្ឋ និងគ្មានមូលដ្ឋានដែលមិនអើពើនឹងភស្តុតាងដែលត្រូវធ្វើការផ្ទៀងផ្ទាត់ មាន រួមទាំងករណីជាច្រើន ដែលកងកម្លាំងប្រដាប់អាវុធថៃបានផ្តួចផ្តើមអរិភាពយ៉ាងច្បាស់លាស់នៅក្នុងទឹកដីកម្ពុជា បានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជនស៊ីវិលជាច្រើននាក់ ការផ្លាស់ទីលំនៅជាច្រើនគ្រួសារ និងការបំផ្លិច បំផ្លាញទ្រព្យសម្បត្តិឯកជន និងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលយ៉ាងសន្ធឹកសន្ធាប់។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ថា ការបំភ្លៃបែបនេះមិនត្រឹមតែផ្តល់ព័ត៌មានមិនពិតដល់សាធារណជនអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឈម នឹងហានិភ័យនៃការបង្កើនភាពតានតឹងបន្ថែមទៀត ក្នុងអំឡុងពេលស្ថានភាពមានភាពតានតឹងរួចទៅហើយ។ ការរាយការណ៍មិនត្រឹមត្រូវដែលមានគោលបំណងបង្កើតការមួលបង្កាច់ និងប្រើប្រាស់ជាឧបាយកលជាយុទ្ធសាស្ត្រ នៅពេលស្ថានភាពកំពុងមានជម្លោះនេះ អាចបណ្តាលឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ជនស៊ីវិលដែលរងផលប៉ះពាល់ ហើយវាធ្វើឱ្យខូចនូវគោលការណ៍នៃសារព័ត៌មាន ដែលមានទំនួល ខុសត្រូវ និងត្រូវបានរំពឹងទុកពីសំណាក់អង្គការប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្អ។

លើសពីនេះ ការផ្តល់ព័ត៌មានដែលមិនត្រឹមត្រូវទាំងនេះ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់សាធារណជនក្នុងការ ទទួលបានព័ត៌មានពិតជាក់ស្តែង មានតុល្យភាព និងអាចទុកចិត្តបាន ដែលជាសិទ្ធិមនុស្សសំខាន់មួយត្រូវបានទទួលស្គាល់ក្រោមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ។ សិទ្ធិក្នុងការទទួលបានព័ត៌មានពិត មានសារៈសំខាន់ណាស់ ក្នុងការធានាបានឱ្យនូវតម្លាភាព ការទទួលខុសត្រូវ និងការការពារប្រជាជនដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ ដោយជម្លោះ។

គ.ស.ម.ក. បានកត់សម្គាល់បន្ថែមទៀតថា France 24 គឺសារព័ត៌មានអន្តរជាតិដ៏សំខាន់មួយរបស់សាធារណរដ្ឋបារាំង ហើយការរាយការណ៍របស់ France 24 អាចត្រូវបានយល់ឃើញទូទាំងពិភពលោកថា ឆ្លុះបញ្ចាំង ឬយ៉ាងហោចណាស់ជាជំហរដែលមានឥទ្ធិពលពីរដ្ឋាភិបាលបារាំង។ សម្រាប់ហេតុផលនេះ ការធានាឱ្យបាននូវការរាយការណ៍ដែលមានប្រភពច្បាស់លាស់ ការវិភាគដោយមិនលម្អៀង និងការមានការផ្ទៀងផ្ទាត់ទៅ លើភស្តុតាង គឺចាំបាច់ណាស់ហើយគួរតែត្រូវបានធ្វើឡើងដោយប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មានខ្ពស់បំផុត។ ដើម្បីធានាបាននូវតម្លាភាព និងសិទ្ធិទទួលបានព័ត៌មាន កម្ពុជាតែងតែរាយការណ៍ព័ត៌មានដែលត្រូវបានផ្ទៀងផ្ទាត់ និងផ្តល់ព័ត៌មានថ្មីៗជាផ្លូវការដែលមានទាំងជាភាសាអង់គ្លេសទាក់ទងនឹងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមស្នើសុំដោយក្តីគោរពការរាប់អានថាអ្នកសារព័ត៌មានរបស់ France 24 ក៏ត្រូវធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់ផងដែរ ដោយរួមបញ្ចូលព័ត៌មានពីភាគីកម្ពុជា ដើម្បីជៀសវាងការរាយការណ៍ជាឯកតោភាគី ដែលអាចឈានដល់ការបង្កើនភាពតានតឹង និងដើម្បីប្រកាន់ខ្ជាប់នូវការគោរពគោលការណ៍នៃសារព័ត៌មានដែលមានទំនួលខុសត្រូវ និងសីលធម៌វិជ្ជាជីវៈ ជាជាងការផ្សាយដោយលក្ខណៈបំភាន់ និងមានចរិតនយោបាយណាមួយ។

ដោយពិនិត្យឃើញពីកង្វល់ដ៏ធ្ងន់ធ្ងរទាំងនេះ គ.ស.ម.ក. សូមស្នើដោយគោរពដល់ឯកអគ្គរដ្ឋទូត មេត្តាពិចារណាទាក់ទងជាមួយសារព័ត៌មាន France 24 និងថ្នាក់ដឹកនាំរបស់អ្នកនិពន្ធដើម្បីទី១៖ ពិនិត្យ និងកែតម្រូវភ្លាមៗ នូវខ្លឹមសារដែលបំភាន់ និងគ្មានមូលដ្ឋាននៃព័ត៌មានដូចមានរៀបរាប់ខាងលើ និងទី២៖ ធានាថា ការផ្សាយព័ត៌មាននាពេលអនាគត ទាក់ទងនឹងភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃ គោរពតាមស្តង់ដារសារព័ត៌មានអន្តរជាតិ រួមទាំងការយកចិត្តទុកដាក់ខ្ពស់ចំពោះផលប៉ះពាល់ផ្នែកសិទ្ធិមនុស្ស នៃសកម្មភាពយោធា តាមរយៈការផ្ទៀងផ្ទាត់ប្រកបដោយកិច្ចសហប្រតិបត្តិការជាជាងផ្អែកលើការ អះអាង និងវាយតម្លៃដែលបានគ្រោងទុកជាមុនណាមួយ ៕






Previous Post Next Post