សៀមរាប៖ នារសៀលថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី “ការថែទាំផ្លូវជនបទ និងការប្រើប្រាស់ទម្រង់ផែនទី QGIS” ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្តទាំង២៥ សរុបចំនួន ១១០នាក់ នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប ដោយមានវត្តមានអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។
យោងតាមរបាយការណ៍សិក្ខាសាលាបណ្ដុះបណ្ដាលរបស់ លោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ បានបញ្ជាក់ជូនថា “សិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ការថែទាំផ្លូវជនបទ និងការប្រើប្រាស់ទម្រង់ផែនទី QGIS” បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ដោយផ្ដោតសំខាន់លើប្រធានបទសំខាន់ៗចំនួន៣ រួមមាន៖ ទី១. ការថែទាំផ្លូវជនបទ, ទី២. ការប្រើប្រាស់ទម្រង់ផែនទីក្នុងកម្មវិធី QGIS និងទី៣. ការវិភាគ CBA ការងារថែទាំផ្លូវជនបទ”។ ជាលទ្ធផល អង្គសិក្ខាសាលាបានយល់ដឹងបន្ថែមអំពីការអនុវត្តការថែទាំផ្លូវជនបទ, ការរៀបចំផែនទីផ្លូវជនបទ, វិធីសាស្ត្រនៃការថែទាំផ្លូវក្រាលកៅស៊ូ DBST និង ការរចនាផែនទីតាមកម្មវិធី QGIS ដើម្បីជាមូលដ្ឋានក្នុងការអនុវត្តការងារប្រកបដោយភាពប្រាកដនិយម ក្នុងបរិបទនៃកំណែទម្រង់រដ្ឋបាលសាធារណៈ។
បន្ទាប់ពីបានស្ដាប់របាយការណ៍សិក្ខាសាលាបណ្ដុះបណ្ដាលរួចមក ឯកឧត្ដម ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមទាំងអស់ដែលមានឆន្ទៈ និងការតាំងចិត្តខ្ពស់ ក្នុងការអភិវឌ្ឍសមត្ថភាពដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនឥតឈប់ឈររបស់សង្គមកម្ពុជានាពេលបច្ចុប្បន្ន ការរីកចម្រើននៃបច្ចេកវិទ្យា ក៏ដូចជាតម្រូវការជាក់ស្តែងរបស់សហគមន៍ជនបទ ជាពិសេសហេដ្ឋារចនាសម័្ពន្ធផ្លូវជនបទ ព្រមទាំងបានថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ ដែលតែងតែខិតខំបំពេញបាននូវតួនាទី និងភារកិច្ចក្នុងការអនុវត្តការងារជូនជាតិ និងប្រជាជនរៀងរហូតមក។
ឆ្លៀតក្នុងឱកាសដ៏វិសែសវិសាលនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនថា ដើម្បីបន្ដការអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅអនាគតរីកចម្រើនរុងរឿង ជាមួយនឹងសមិទ្ធផលដែលជាប្រវត្តិសាស្ដ្រដ៏ត្រចះត្រចង់ពីរាជរដ្ឋាភិបាលនីតិកាលមុន, រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនិងអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ហើយនាពេលថ្មីៗនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញឱ្យប្រើប្រាស់នូវគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ និងដាក់ចេញអនុក្រឹត្យ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។ គោលនយោបាយជាតិនេះបានកំណត់ចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយ បរិយាបន្ន សមធម៌ និងចីរភាព” និងមានគោលបំណងធ្វើឱ្យ “ប្រជាជននៅតំបន់ជនបទមានជីវភាពសមរម្យប្រកបដោយភាពធន់ មានសុខភាពមាំមួន រស់នៅក្នុងបរិស្ថានល្អដោយចីរភាពនិងមានសេចក្តីថ្លៃថ្នូរ”។ ផ្អែកលើយុទ្ធសាស្ដ្រនៃគោលនយោបាយជាតិនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់យកកម្មវិធីអាទិភាពចំនួន ៥ផងដែរ។
ឯកឧត្ដមរដ្ឋមន្ត្រី បានប្រសាសន៍ទៀតថា សិក្ខាសាលាបណ្ដុះបណ្ដាលរយៈពេល ២ថ្ងៃនេះ គឺជាការអនុវត្តនូវយុទ្ធសាស្ដ្រទី១ និងយុទ្ធសាស្ដ្រទី៥ របស់គោលនយោបាយជាតិ ដែលពិតជាមានសារៈសំខាន់ខ្លាំងសម្រាប់មន្ដ្រីរាជការ ក្នុងការទទួលបាននូវចំណេះដឹង និងបទពិសោធន៍បន្ថែមទៀតសម្រាប់អនុវត្តការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទបន្ថែមទៀត ដោយផ្តោតសំខាន់លើ “ការងារថែទាំផ្លូវជនបទ និងការប្រើប្រាស់ទម្រង់ផែនទីក្នុងកម្មវិធី QGIS” ដែលចូលរួមចំណែកក្នុងបង្កើនប្រសិទ្ធភាពនៃការងារថែទាំផ្លូវជនបទឱ្យកាន់តែប្រសើរឡើងស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ដោយត្រូវពង្រឹង ៧០% និងពង្រីក ៣០%។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួនជូនដល់អង្គសិក្ខាសាលាដើម្បីជំរុញ និងធានាឱ្យបាននូវការអនុវត្តកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជនបទ ជាពិសេសការថែទាំផ្លូវជនបទឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញផ្តល់កិត្តិយសចែកលិខិតថ្លែងអំណរគុណជូនដល់គ្រូឧទ្ទេស ក៏ដូចជាប្រគល់វិញ្ញាបនបត្របញ្ជាក់កាសិក្សា ជូនសិក្ខាកាមទាំងអស់ដែលបញ្ចប់សិក្ខាសាលាបណ្ដុះបណ្ដាលដោយជោគជ័យផងដែរ ៕




















