កំពង់ស្ពឺ៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលនិងទទួលនូវសម្ភារៈគ្រឿងឧបភោគបរិភោគពី ក្រុមហ៊ុន Ganzberg ឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយបានចាត់តំណាងយកមកប្រគល់ជូន សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមជាក់ស្តែងក្នុងអង្គភាព ជាពិសេសត្រៀមបន្តនាំយកបន្តទៅចែកដល់គ្រួសារវីរៈកងទ័ពជួរមុខ ព្រមទាំងជនភៀសសឹក ដែលជម្លៀសចេញពីតំបន់សមរភូមិមុខមកទីតាំងសុវត្ថិភាព កំពុងតែត្រូវការជំនួយស្បៀងជាបន្ទាន់ ដោយសារតែការឈ្លានពានពីកងទ័ពសៀមនៅតាមបន្ទាត់ព្រំដែនសមរភូមិមុខ កម្ពុជា-ថៃ។ខណៈដែលកងទ័ពកម្ពុជាយើងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាននៅសមរភូមិមុខ ប្រជាពលរដ្ឋនៅសមរភូមិក្រោយក៏កំពុងខ្នះខ្នែងយ៉ាងសស្រាក់សស្រាំក្នុងការជួយឧបត្ថម្ភគាំទ្រសព្វគ្រប់បែបយ៉ាងជូនដល់បងប្អូនវីរកងទ័ព និងជនភៀសសឹកផងដែរ។
សម្ភារៈគ្រឿងឧបភោគបរិភោគដែលក្រុមហ៊ុន Ganzberg ឧបត្ថម្ភរួមមាន៖ អង្ករ ៣តោន, ទឹកសុទ្ធ Genzberg ៥០០កេស, សាច់ផាត់ ៣០០កញ្ចប់ និងឆៃពៅផ្អែម ២៨០កញ្ចប់ថែមទៀត។ ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុស្នេហាជាតិ និងបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយ នៃខឿនការពារជាតិ ការពារអធិបតេយ្យជាតិ និងការពារបូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ រួមនិងនាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនសប្បុរសជនទាំងអស់ ដែលបានចំណាយជាថវិកា និងគ្រឿងឧបភោគបរិភោគព្រមទាំងសម្ភារៈផ្សេងៗហើយចំណាយពេលដ៏មានតម្លៃយកមកប្រគល់ដោយផ្ទាល់ទៀត មកប្រគល់ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាពិសេសសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះ សប្បុរសជនទាំងអស់ សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ សម្រេចជោគជ័យគ្រប់ភារកិច្ចនឹងការងារកុំបីឃ្លៀងឃ្លាតឡើយ ៕






