កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់-ទទួលនូវសម្ភារៈគ្រឿងឧបភោគបរិភោគពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ណូន រ៉ន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជណាចក្រកម្ពុជា បាននាំយកប្រគល់ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមជាក់ស្តែងក្នុងអង្គភាព ជាពិសេសត្រៀមបន្តនាំយកបន្តទៅចែក ដល់គ្រួសារវីរះកងទ័ពជួរមុខ ព្រមទាំងជនភៀសសឹក ដែលជម្លៀសចេញពីតំបន់សមរភូមិមុខ មកកាន់ទីតាំងមានសុវត្ថិភាព កំពុងតែត្រូវការជំនួយស្បៀងជាបន្ទាន់។
ជាទឹកចិត្តមនុស្សធម៏ក្នុងការរួមចំណែករួមមាន៖ ពងមាន់ ១,០០០គ្រាប់, ទឹកសុទ្ធហាយតិចចំនួន ១០០កេស, ទឹកត្រីចំនួន ១០០យួរ និងទឹកស៊ីអ៊ីវចំនួន ១០០យួរផងដែរ។
សម្រាប់អ្នកសមរភូមិក្រោយខណៈដែលកងទ័ពកម្ពុជាយើងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាននៅសមរភូមិមុខ ប្រជាពលរដ្ឋនៅសមរភូមិក្រោយក៏កំពុងខ្នះខ្នែងយ៉ាងសស្រាក់សស្រាំក្នុងការជួយឧបត្ថម្ភគាំទ្រសព្វគ្រប់បែបយ៉ាងជូនដល់បងប្អូនវីរកងទ័ព ក៏ដូចជាប្រជាជនភៀសសឹក ដែលកំពុងគេចខ្លួនពីសង្គ្រាមមកនៅទីទួលសុវត្តិភាព។
ថ្លែងនាពេលនេះផងដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ណូន រ៉ន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភាណៃព្រះរាជណាចក្រកម្ពុជា ព្រមទាំងបងប្អូនសប្បុរសជនទាំងអស់ ព្រមទាំងក្រុមគ្រួសារ និងជូនពរជ័យសេរីមង្គលសូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕


















