ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពប្រតិបត្តិការថ្នាលផ្លាស់ប្តូរទិន្នន័យក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី លោក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរងការិយាល័យ ព្រមទាំងមន្រ្ដីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
នាឱកាសនោះ បន្ទាប់ពីលោក ឧត្តមសេនីយ៍ត្រី ង៉ែត សុគន្ធារិទ្ធ ប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ធ្វើសេចក្តីរាយការណ៍សង្ខេប អំពីបច្ចុប្បន្នភាពរបស់ប្រព័ន្ធថ្នាលផ្លាស់ប្តូរទិន្នន័យ របស់ក្រសួងមហាផ្ទៃ ជូនដល់អង្គប្រជុំជ្រាបនោះរួចមក។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានលើកឡើងថា ដើម្បីធានាបាននូវប្រសិទ្ធភាពការងារក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃទាំងមូល អគ្គនាយកបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានរៀបចំកែសម្រួលនូវប្រព័ន្ធថ្នាលផ្លាស់ប្តូរទិន្នន័យរបស់ក្រសួងមហាផ្ទៃ ដើម្បីឱ្យស្របតាមលក្ខណៈស្តង់ដារបច្ចេកទេស ស្របតាមប្រព័ន្ធបច្ចេកវិទ្យា ហើយដើម្បីឱ្យកិច្ចការងារនេះ ដំណើរការទៅប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាព។
ឯកឧត្តមអគ្គនាយក បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញដែលពាក់ព័ន្ធទាំងអស់ នៃអគ្គនាយកដ្ឋាន ត្រូវសិក្សាស្វែងយល់ឱ្យបានសុីជម្រៅច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ក្នុងការរៀបចំប្រព័ន្ធថ្នាលផ្លាស់ប្តូរទិន្នន័យ របស់ក្រសួងមហាផ្ទៃ ស្របតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលទំនើប ដើម្បីធានាបាននូវប្រសិទ្ធភាពការងារក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃទាំងមូល ៕



















