កំពង់ធំ៖ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ និងលោកជំទាវ បានអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពជួរមុខរងរបួសក្នុងអំឡុងពេលការពារបូរណភាពទឹកដី ការពារអធិបតេយ្យជាតិ ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ប្រឆាំងនឹងការរំលោភបំពានពីបច្ចាមិត្ត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ឆ្លៀតក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គភស្តុភារជាន់ខ្ពស់មិនចេះរីងស្ងួតរបស់កងទ័ព និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលតែងតែបានគិតគូរជានិច្ចពីសុខទុក្ខវីរកងទ័ព និងក្រុមគ្រួសារ នៅគ្រប់ទីកន្លែងក្នុងភូមិសាស្ត្រខេត្តកំពង់ធំនេះ។
ក្នុងកាល:ទេសៈដ៏លំបាកនេះ ឯកឧត្តមរដ្ឋមន្ត្រី សូមគោរពដឹងគុណ និងបានកោតសរសើរការបំពេញភារកិច្ចដ៏ឧដុង្គឧត្តមរបស់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង ប្រកបដោយស្មារតីស្នេហាជាតិ និងការលះបង់ខ្ពស់បំផុត ដើម្បីបុព្វហេតុការពារជាតិ និងសេចក្ដីសុខសាន្តរបស់ប្រជាជន។ គំរូវីរភាពនេះនឹងត្រូវបានកត់ត្រាជាប្រវត្តិសាស្ត្រ និងចងចាំទុកជារៀងរហូត ៕




















