កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទគោលការដឹកនាំប្រកបដោយគុណធម៌របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញបន្តចែកនូវសម្ភារៈដំណេករួមមាន (ខ្នើយ ស្រោមខ្នើយ ពួក ស្រោមពួក ភួយ) ដល់ នាយទាហាន នាយទាហានរង តាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទូទាំងខេត្តកំពង់ស្ពឺ ស្របពេលក្នុងរដូវរងាមកដល់ ដោយអាកាសធាតុបានប្រែប្រួលមិនទៀងនិងបន្តចុះត្រជាក់។
ក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ព្រមទាំងក្រុមគ្រួសារ និងពាក្យជូនពរ ឲ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូណ៌ និងជោគជ័យគ្រប់ការងារថែមទៀតផង ៕












