ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងការសោកស្តាយយ៉ាងខ្លាំង និងថ្កោលទោសដាច់អហង្ការ ចំពោះសង្គ្រាមឈ្លានពានវាយប្រហាររបស់ថៃមកលើអធិតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ដោយយន្តហោះ F-16 អាវុធធន់ធ្ងន់ និងផ្សែងពុល កាលពីថ្ងៃទី៧ និងទី៨ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងតំបន់ជាច្រើន ពិសេសនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដែលបណ្តាលឱ្យប្រជាពលរដ្ឋជាជនស៊ីវិលស្លាប់ និងរងរបួសមួយចំនួន ព្រមទាំងខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនរបស់កម្ពុជា យ៉ាងច្រើនសន្ធឹកសន្ធាប់។
សង្គ្រាមឈ្លានពានរបស់ថៃនេះ មិនត្រឹមជាការំលោភលើសេចក្តីថ្លែងការណ៍ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ដោយមានឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានជាសាក្សីប៉ុណ្ណោះទេ ថែមទាំងបានប៉ះពាល់ធ្ងន់ធ្ងរដល់សុខ សន្តិភាព និងស្ថិរភាពតំបន់ទន្លេមេគង្គ និងអាស៊ាន ព្រមទាំងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាពតំបន់និងសកល សណ្តាប់ធ្នាប់ពិភពលោក សិទ្ធិមនុស្ស និងជីវភាពពលរដ្ឋ។ ទោះបីទទួលការវាយប្រហារបែបនេះក្តី កម្ពុជានៅបន្តប្រកាន់នូវស្មារតីអត់ធ្មត់ ការរក្សាសន្តិភាព ការដោះស្រាយជម្លោះដោយសន្តិវិធី ការគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយមិនបានបាញ់តបតទៅថៃវិញឡើយ។
រដ្ឋសភាកម្ពុជា អំពាវនាវឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសង្គ្រាមឈ្លានពាន ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពប្រទេសទាំងពីរ ហើយងាកមកគោរពសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់បំផុត ដើម្បីនាំនូវសន្តិភាព និងប្រក្រតីភាពនៃទំនាក់ទំនងប្រទេសទាំងពីរ ដែលជាគ្រឹះនៃសន្តិភាពតំបន់និងសកល។
រដ្ឋសភាកម្ពុជា សូមអំពាវនាវដល់សហគមន៍អន្តរជាតិ ពិសេសអាស៊ាន ថ្កោលទោសដាច់អហង្ការ ចំពោះសកម្មភាព រំលោភបំពានដោយកំរោលរបស់ថៃ ហើយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុង ចំពោះទង្វើរបស់ខ្លួន។
រដ្ឋសភាកម្ពុជា សូមប្រកាសសារជាថ្មីម្តងទៀត គាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ អគ្គភស្តុភារជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ស្ថាបនិកសន្តិភាពនៅកម្ពុជា ដែលបានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានកន្លងមក ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។
រដ្ឋសភាកម្ពុជា សូមអំពាវនាវដល់ជនរួមជាតិពីគ្រប់មជ្ឈដ្ឋានទាំងអស់បន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីពង្រឹងភាពធន់របស់ជាតិ និងប្រឆាំងនឹងការឈ្លានពានរបស់បរទេស ៕



