ភ្នំពេញ៖ នាថ្ងៃសៅរ៍ ១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកសន្និបាតរបស់សមាគមគិលានុបដ្ឋាកកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ «សុវត្ថិភាពទាំងអស់គ្នា៖ លើកកម្ពស់សុខុមាលភាពគិលានុបដ្ឋាក ធានាបាននូវសុវត្ថិភាពអ្នកជំងឺ»។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា គិលានុបដ្ឋាកត្រូវថែទាំសុខភាពរបស់ខ្លួនឯងឱ្យបានល្អ ដើម្បីមានកំលាំង និងថាមពលគ្រប់គ្រាន់ ក្នុងការបម្រើសេវាជូនអ្នកជំងឺ ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់។ តួនាទី គិលានុបដ្ឋាក រួមចំណែកជ្រោមជ្រែងការអភិវឌ្ឍវិស័យអាទិភាពក្រសួងសុខាភិបាល ដោយផ្តោតយ៉ាងហ្មត់ចត់លើសុវត្ថិភាពអ្នកជំងឺ និងការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកផ្តល់សេវាសុខាភិបាល។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្ថែមថា ការអភិវឌ្ឍសមត្ថភាពរបស់គិលានុបដ្ឋាក គិលានុបដ្ឋាយិកាទាំងអស់ ធ្វើឱ្យការបម្រើសេវាថែទាំអ្នកជំងឺ បានត្រឹមត្រូវតាមបច្ចេកទេស គុណភាព សុវត្ថិភាព ប្រសិទ្ធភាពប្រកបដោយសមធម៌ និងស្របតាមក្របខណ្ឌវិជ្ជាជីវៈថែទាំ។ វិជ្ជាជីវៈថែទាំ ជាវិជ្ជាជីវៈមួយ ដើរតួនាទីជួរមុខយ៉ាងសំខាន់ ជាបេះដូងដើរយ៉ាងសកម្ម (le cœur battant) ឆ្ពោះទៅមុខជានិច្ច ដូចជាបេះដូងនៃប្រព័ន្ធសុខាភិបាល។ សូមឱ្យគិលានុបដ្ឋាក ចូលរួមក្នុងការពង្រឹងសមត្ថភាពបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់មតិយោបល់មួយចំនួន ដល់សមាជិក សមាជិកា សមាគម ចំណុចគួរចងចាំ ដូចខាងក្រោម៖
១-គិលានុបដ្ឋាក គឺជារូបភាព របស់សុខាភិបាល៖ គិលានុបដ្ឋាក ប្រៀបដូចជាម្តាយនៅក្នុងគ្រួសារ ដែលផ្តល់ការថែទាំយ៉ាងកក់ក្តៅ និងទទួលខុសត្រូវលើអនាម័យក្នុងមន្ទីរពេទ្យ
២-គិលានុបដ្ឋាក ជាអ្នកទំនាក់ទំនង៖ ជាអ្នកជួយអ្នកជំងឺដំបូងគេ ជាអ្នកទំនាក់ទំនងជាមួយគ្រប់សហភាតរៈ ក្នុងការថែទាំអ្នកជំងឺឱ្យមានប្រសិទ្ធភាព
៣-គិលានុបដ្ឋាក ជាអ្នកអប់រំ៖ ផ្តល់ការប្រឹក្សាជាមួយអ្នកជំងឺ និងក្រុមគ្រួសារតាំងពីចូលដំបូង រហូតដល់ចេញពីមន្ទីរពេទ្យ
៤-គិលានុបដ្ឋាក ជាភ្នាក់ងារសម្របសម្រួលក្នុងសេវាសុខាភិបាលឱ្យមានសុជីវភាពខ្ពស់
៥-គិលានុបដ្ឋាក ជាស្ថាបត្យករថែទាំ ក្នុងវិស័យសុខាភិបាល
៦-គិលានុបដ្ឋាក ដើរតួជាជនគំរូឥរិយាបថ ទាំងកាយវិការ និងពាក្យសំដី ដើម្បីបម្រើសេវាប្រកបគុណភាពជូនអ្នកជំងឺ ៕




















