អង្គការអន្តរជាតិទេសន្តរប្រវេសន៍ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើការជួយផ្តល់កិច្ចគាំពារពលករទេសន្តរប្រវេសន៍កម្ពុជា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អង្គការអន្តរជាតិទេសន្តរប្រវេសន៍ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើការជួយផ្តល់កិច្ចគាំពារពលករទេសន្តរប្រវេសន៍កម្ពុជា


ភ្នំពេញ៖
នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោកស្រី Nellie Ghusayni ប្រធានបេសកកម្មរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំនៅកម្ពុជា ជួបពិភាក្សាការងារ ដោយជំនួបនេះផ្តោតលើការគ្រប់គ្រង និងការផ្តល់ការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការជួយគាំពារដល់ពលករទេសន្តរប្រវេសន៍ ជាពិសេសអតីតពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការ IOM ដែលបានផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការយកចិត្តទុកដាក់លើអតីតពលករដែលត្រឡប់មកពីប្រទេសថៃ លើកកម្ពស់ក្នុងការបណ្តុះបណ្តាលជំនាញ ការទទួលស្គាល់ជំនាញ ក៏ដូចជាកិច្ចអន្តរាគមន៍នានា ដើម្បីគាំពារផ្ដល់អត្ថប្រយោជន៍ និងលើកកម្ពស់ការគោរពសិទ្ធិពលករទេសន្តរប្រវេសន៍នៅកម្ពុជា។ 

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកពីបញ្ហាប្រឈមដែលក្រសួងបានខិតខំដោះស្រាយតាមយន្តការផ្សេងៗឱ្យស្របទៅនឹងស្ថានភាពពិត និងសំណូមពរជាក់ស្តែង ខណៈពេលដែលជំនាញខ្លះពលករទទួលបាននៅប្រទេសថៃមិនស៊ីគ្នាទាំងស្រុងជាមួយតម្រូវការទីផ្សារការងារក្នុងស្រុក ដែលតម្រូវឱ្យមានការបណ្តុះបណ្តាលជំនាញឡើងវិញ និងការទទួលស្គាល់ជំនាញតាមរយៈការវាយតម្លៃផ្អែកលើសមត្ថភាពរបស់អតីតពលករ ដែលត្រឡប់មកពីប្រទេសថៃ។ ទន្ទឹមនឹងនេះ ក្រសួងក៏នឹងពិចារណាលើលក្ខខណ្ឌការងារសំខាន់ៗមួយចំនួនក្នុងការបើកឱកាសទីផ្សារការងារក្រៅប្រទេសថ្មីៗជូនពលករបន្ថែមទៀត។

ឯកឧត្តម ហេង សួរ បានបញ្ជាក់ជូនភាគីអង្គការ IOM ពីស្ថានភាពជាក់ស្តែងដែលកម្ពុជាកំពុងយកចិត្តទុកដាក់ដោះស្រាយនិងផ្តល់ឱកាសការងារ និងបណ្តុះបណ្តាលជំនាញ ជូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញជាទ្រង់ទ្រាយធំ និងស្នើសុំភាគីអង្គការ IOM ផ្ដល់កិច្ចសហការលើការអនុវត្តការធ្វើតេស្តវាយតម្លៃផ្អែកលើសមត្ថភាពទទួលស្គាល់ការសិក្សាដែលមានពីមុន (RPL), ជំរុញការផ្សព្វផ្សាយការធ្វើតេស្តវាយតម្លៃផ្អែកលើសមត្ថភាពទទួលស្គាល់ការសិក្សាដែលមានពីមុន (RPL), កៀរគរដៃគូអភិវឌ្ឍន៍សម្រាប់ចូលរួមគាំទ្រផ្នែកហិរញ្ញវត្ថុដល់អតីតពលករដែលចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខ្លីៗ, កិច្ចសហការក្នុងការបើកទីផ្សារការងារថ្មីបន្ថែមទៀត, និង បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ IOM ក្នុងការសហការជាមួយអាជ្ញាធរនានា ក្នុងការផ្ដល់កិច្ចគាំពារជូនពលករទេសន្តរប្រវេសន៍កម្ពុជា។

ជាការឆ្លើយតប លោកស្រីប្រធានរបស់អង្គការ IOM ប្រចាំកម្ពុជា បានឯកភាពតាមសំណូមពរឯកឧត្តមរដ្ឋមន្រ្តី ស្នើសុំជួយពង្រីកការគាំទ្រសម្រាប់កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លី ការពង្រីកវេទិកាការងារ និងសិក្សាលទ្ធភាពផ្ដល់ការជួយឧបត្ថម្ភជាកញ្ចប់ថវិកា ឬសម្ភារៈប្រើប្រាស់ជូនដល់បងប្អូនពលករដែលវិលត្រឡប់ពីប្រទេសថៃ និងជនភៀសសឹកដែលបង្កដោយសង្គ្រាមព្រំដែនកម្ពុជា-ថៃ និងគាំទ្រលើការប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដោះស្រាយបញ្ហាឱ្យមានប្រសិទ្ធភាព ហើយនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ IOM ក្នុងការសហការជាមួយអាជ្ញាធរនានា ក្នុងការផ្ដល់កិច្ចគាំពារជូនពលករទេសន្តរប្រវេសន៍កម្ពុជា ៕








Previous Post Next Post