ក្រសួងមហាផ្ទៃបើកឱ្យមន្ត្រីប្រើចំណតយានយន្ត៥ជាន់ បាន២សប្ដាហ៍ហើយ! តស់មកដឹងលក្ខណៈពិសេសចំណតថ្មីនេះ!
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងមហាផ្ទៃបើកឱ្យមន្ត្រីប្រើចំណតយានយន្ត៥ជាន់ បាន២សប្ដាហ៍ហើយ! តស់មកដឹងលក្ខណៈពិសេសចំណតថ្មីនេះ!


ភ្នំពេញ៖
គិតមកដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ មន្ត្រីក្រសួងមហាផ្ទៃ ដែលមានយានជំនិះទាំងរថយន្ត និងម៉ូតូ ប្រើប្រាស់ចំណតយានយន្តថ្មីកម្ពស់៥ជាន់ បានពីរសប្តាហ៍ហើយ។ ការដាក់ឱ្យប្រើប្រាស់នេះ ធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បញ្ចប់ជាស្ថាពរទាំងការសាងសង់ និងការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ស្របតាមគោលការណ៍ដឹកនាំបញ្ជា និងតាមដាន របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា អគារចំណតយានយន្តថ្មីនេះ មានទំហំ ៥០ម៉ែត្រ គុណនឹង ៥៤,៦ម៉ែត្រ និងមានផ្ទៃក្រឡាសរុប ១៦,២០៧ម៉ែត្រក្រឡា កម្ពស់ ១៧,៩៥ម៉ែត្រ។ ចំណតនេះ មានលទ្ធភាព ទទួលរថយន្តចតសរុបចំនួន ៤៥៥គ្រឿង ម៉ូតូ ២៤០គ្រឿង ព្រមទាំងឧទ្ធម្ភាគចក្រ ចំនួន ១គ្រឿង នៅជាន់ខាងលើបំផុត។ លោកបន្តថា អគារចំណតនេះ សាងសង់ និងរចនាឡើងយ៉ាងយកចិត្តទុកដាក់បំផុត ទាំងផ្នែកសោភ័ណ និងគុណភាពសំណង់ ជាពិសេសភាពទាន់សម័យនៃបច្ចេកវិទ្យា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកបន្តថា ចំណតនេះ និងរួមចំណែកដោះស្រាយបានស្ទើរទាំងស្រុង ការប្រឈមផ្នែកចំណតរបស់មន្ត្រីទីស្ដីការក្រសួង មន្ត្រីមកពីរដ្ឋបាលថ្នាក់ក្រោមជាតិ និងស្ថាប័នខាងក្រៅ។

សូមបញ្ជាក់ថា អគារចំណតយានយន្តថ្មីនេះ បានក្លាយជាសំណង់អាគារថ្មីមួយទៀត បន្ទាប់ពីក្រសួងសម្រេចបានសមិទ្ធផលអគារទីស្ដីការក្រសួង ក្រោមមរតកដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ អគារចំណតនេះបានចាប់ផ្ដើមបុកគ្រឹះសាងសង់ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕

Previous Post Next Post