កម្ពុជា ប្តេជ្ញាចិត្តមិនងាករេចំពោះសន្តិភាព និងការអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្ពុជា ប្តេជ្ញាចិត្តមិនងាករេចំពោះសន្តិភាព និងការអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់


ភ្នំពេញ៖
នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Jean-Noël BARROT រដ្ឋមន្រ្តីនៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង។

ក្នុងអំឡុងកិច្ចសន្ទនា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះការបន្ដគាំទ្ររបស់បារាំងក្នុងដំណើរការសន្តិភាព ជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ស្ថានភាពមនុស្សធម៌ ដែលបណ្តាលឱ្យមានការជម្លៀសជនស៊ីវិលកម្ពុជាប្រមាណជាងកន្លះលាននាក់ ក៏ដូចជាការខូចខាតដែលបានកើតឡើងនៅតំបន់បេតិកភណ្ឌវប្បធម៌កម្ពុជា ក្នុងពេលមានអរិភាពនេះ។
 
ជាការឆ្លើយតប ឯកឧត្តម Jean-Noël BARROT បានកោតសរសើរចំពោះសេចក្តីប្រកាសរបស់ប្រធានអាស៊ានអំពីកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលបានប្រកាសអំពីការចាប់ផ្តើមឡើងវិញនូវកិច្ចសន្ទនាសម្រាប់ដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ និងបានស្វាគមន៍ចំពោះកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។ 

ឯកឧត្តម Jean-Noël BARROT ក៏បានសម្តែងការគាំទ្ររបស់ប្រទេសបារាំងចំពោះរាល់កិច្ចខិតខំប្រឹងប្រែងដែលផ្តួចផ្តើមឡើងដោយប្រទេសម៉ាឡេស៊ី ចិន និងសហរដ្ឋអាមេរិក ក្នុងគោលបំណងសម្រេចឱ្យបាននូវដំណោះស្រាយដោយសន្តិវិធីតាមរយៈផ្លូវការទូត។

ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តមិនងាករេរបស់កម្ពុជាចំពោះសន្តិភាព និងការអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់ ៕




Previous Post Next Post