កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលប្រជុំ និងសមិទ្ធផលនានាក្នុងស្នាក់ការគណបក្សឃុំតាំងក្រសាំង ព្រមទាំងសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ពិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកទឹកផុស, ឯកឧត្តមប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំទាំង ៩ នៃស្រុកទឹកផុស, លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សឃុំ, សាខាបក្សភូមិ, យុវជនបក្សឃុំ-ភូមិ, និងសកម្មជនគណបក្ស សរុបប្រមាណ ៥០០នាក់។
យោងតាមរបាយការណ៍ការងារគណបក្សរបស់ឃុំដោយ លោក ពុត ឃាន ប្រធានគណៈកម្មាធិការគណបក្សឃុំតាំងក្រសាំង បានជម្រាបជូនថាពិធីសម្ពោធសមិទ្ធផលនានាក្នុងស្នាក់ការគណបក្សនាពេលនេះ រួមមាន៖ សាលប្រជុំស្នាក់ការគណបក្សដែលមានបណ្តោយ ២៧ម៉ែត្រ ទទឹង ១៤ម៉ែត្រ និង កម្ពស់ ៤ម៉ែត្រ មានទំហំ ៣៧៨ម៉ែត្រក្រឡា អាចផ្ទុកសមាជិកប្រមាណ ៥០០នាក់ និងមានបំពាក់សម្ភារបរិក្ខារគ្រប់គ្រាន់ ការកែលម្អអគារស្នាក់ការចាស់ ការកែលម្អបរិវេណស្នាក់ការ ការសាងសង់របងគណបក្ស អណ្តូងទឹក ផ្ទះសំណាញ់សម្រាប់ដាំបន្លែ ទីស្នាក់ការអភិវឌ្ឍន៍ភូមិ និងសមិទ្ធផលជាច្រើនផ្សេងទៀតផងដែរ។
បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានមានប្រសាសន៍សំណេះសំណាល ដោយបានសម្ដែងការអបអរសាទរចំពោះគណៈកម្មាធិការគណបក្សឃុំតាំងក្រសាំង ដែលទទួលបាននូវសាលាប្រជុំថ្មី និងសមិទ្ធផលនានាដែលមានសោភ័ណភាព និងផាសុកភាព។
ឯកឧត្តមប្រធាន បានកោតសរសើរវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាំងក្រសាំង ដែលបានបំពេញតួនាទីនិងភារកិច្ចបានយ៉ាងល្អប្រសើរធ្វើឱ្យគណបក្សប្រជាជកម្ពុជាឃុំតាំងក្រសាំង មានភាពរីកចម្រើនប្រកបដោយមោទនភាព និងមានកម្លាំងគាំទ្ររឹងមាំ ស្រលាញ់ ជឿជាក់ ដោយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិធ្វើឱ្យគណបក្សទទួលបាននូវជ័យជម្នះដ៏ត្រចះត្រចង់។
ឯកឧត្តមប្រធាន បានគូសបញ្ជាក់ថា សមិទ្ធផលលើគ្រប់វិស័យអាចកើតមាន និងពិធីដ៏មហោឡារិកនេះ អាចប្រព្រឹត្តទៅបាន ស្របពេលដែលប្រទេសជាតិទាំងមូលមានសុខសន្តិភាព ស្ថិរភាព សេរីភាព និងសុភមង្គល ព្រមទាំងមានការអភិវឌ្ឍ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន។
ឯកឧត្តមប្រធាន បានមានប្រសាសន៍បន្ថែមទៀតថា ក្នុងបុព្វហេតុនៃការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនបន្ថែមទៀត រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំបន្តរបស់គណបក្សប្រជាជនកម្ពុជា បានបន្តយកចិត្តទុកដាក់ថែរក្សាសមិទ្ធផលជាប្រវត្តិសាស្រ្ត ដែលបានកសាងឡើងដោយរាជរដ្ឋាភិបាលនីតិកាលកន្លងមក ជាពិសេសការថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាក្នុងគោលដៅសម្រេចឱ្យបានចក្ខុវិស័យ “កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០”។
ជាមួយគ្នានោះ ឯកឧត្តមប្រធាន បានផ្តល់នូវអនុសាសន៍មួយចំនួនសម្រាប់ក្រុមការងារគណបក្ស ឱ្យយកចិត្តទុកដាក់អនុវត្តការងារគណបក្ស ដើម្បីជាមូលដ្ឋានក្នុងការពង្រឹង និងពង្រីកនូវឧត្តមភាពនៃគណបក្សរបស់ឱ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានជួយឧបត្ថម្ភសម្ភារមួយចំនួនរួមមាន៖ កុំព្យូទ័រ ២គ្រឿង និងព្រីនធើរ ១គ្រឿង ជូនដល់វិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់, កុំព្យូទ័រ ២គ្រឿង និងព្រីនធើរ ១គ្រឿង ជូនដល់ វិទ្យាល័យ ហ៊ុន សែន ទឹកផុស, កុំព្យូទ័រ ១គ្រឿង និងព្រីនធើរ ១គ្រឿង ជូនការិយាល័យអប់រំ យុវជន និងកីឡាស្រុកទឹកផុស និងឧបករណ៍ឧឃោសនសព្ទ ចំនួន ១២ឈុត ជូនដល់សាខាបក្សភូមិទាំង១២ នៃឃុំតាំងក្រសាំង សម្រាប់យកទៅប្រើប្រាស់បម្រើដល់ប្រយោជន៍គណបក្សផងដែរ។
ជាទីបញ្ចប់ អង្គពិធីទាំងមូល បានអញ្ជើញថតរូបជុំគ្នា និងពិសាអាហារសាមគ្គី ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង ៕








































