ភ្នំពេញ៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ(គ.គ.អ.ស.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៣ របស់ គ.គ.អ.ស. ដើម្បីពិនិត្យ ពិភាក្សា លើលទ្ធផលនៃដំណើរបេសកកម្មគាំទ្រលើកទី១០ របស់ធនាគារពិភពលោក វឌ្ឍភាព បញ្ហាប្រឈម និងផែនការបន្តនៃការអនុវត្តការងារគណនេយ្យភាពសង្គម និងការពិនិត្យ និងសម្រេចលើសេចក្តីព្រាងសៀវភៅណែនាំប្រតិបត្តិ ស្តីពីការងារគណនេយ្យភាពសង្គមនៅថ្នាក់ក្រុង ស្រុក ខណ្ឌ។
ថ្លែងក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.គ.អ.ស. បានការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលដែលបានគាំទ្រ និងចូលរួមអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់ពាក់ព័ន្ធនានា ក៏ដូចជាការងារគណនេយ្យភាពសង្គមក្នុងការរួមចំណែកលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គមនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលជាធាតុផ្សំយ៉ាងសំខាន់នៃអភិបាលកិច្ចល្អនៅមូលដ្ឋាន សំដៅឆ្លើយតបទៅនឹងតម្រូវការ និងការយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គ.គ.អ.ស. តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ស្ថានទូតជប៉ុនប្រចាំកម្ពុជា ធនាគារពិភពលោក ISD/GIZ និងអង្គការអ៊ុកស្វាមកម្ពុជា សរុបចំនួន ៥២រូប ស្រ្តី ១៤រូប ៕



















