ក្រចេះ៖ លោកជំទាវ ហឹង ណារី វ៉ាថន នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំក្រុមការងារជាស្រ្តី បាននាំយកអំណោយ និងថវិកាមួយចំនួនរបស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មកចុះសួរសុខទុក្ខវីរកងទ័ពឈរជើងនៅជួរមុខចំនួន ៧នាក់ ដែលមានបញ្ហាដោយសារការបាញ់ផ្សែងពុលពីយោធាថៃ ក្នុងឡុងពេលឈរជើងនៅតំបន់ប្រយុទ្ធលះបង់ដើម្បីការពារជាតិមាតុភូមិបូរណភាពទឹកដី ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។
អំណោយដែលបានប្រគល់ជូនរួមមាន៖ អង្ករ ១បេ, ទឹកសុទ្ធ ២កេស, មី ២កេស, ទឹកត្រី ១យួរ, ទឹកស៊ីវអ៊ីវ ១យួរ, ត្រីខ ២យួរ រួមនិងថវិកា ៤០ម៉ឺនរៀល។
ក្នុងឱកាសនោះ លោកជំទាវ ហឹង ណារី វ៉ាថន អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដឹកនាំប្រទេសប្រកបដោយសន្តិភាព និងការអភិវឌ្ឍជាពិសេសលើកិច្ចការការពារព្រំដែន ដោយត្រូវមានការអត់ធ្មត់ខ្ពស់ ដើម្បីទប់ស្កាត់កុំឱ្យមានការផ្ទុះអាវុធ ឬញុះញង់ឱ្យមានអំពើហិង្សាណាមួយកើតឡើង ដែលអាចបង្កផលវិបាកដល់ប្រទេសជាតិ និងប្រជាជន និងសូមជូនពរដល់ប្អូនៗវីរៈកងទ័ព ដែលរងរបួសទាំងអស់ឆាប់ជាសះស្បើយ និងការកោតសសើរចំពោះការលះបង់ដ៏ធំធេង ដែលមិនអាចកាត់ថ្លៃបាន ក្នុងនាមជាទ័ពជួរមុខ ក្នុងការរក្សាសន្តិភាព ការការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារពីការរំលោភបំពានពីពួកចោរឈ្លានពាន ៕




















