ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសន្និសីទសារព័ត៌មាន នៃការនិពន្ធដំឡើងស្នាដៃថ្មីរបាំ "អប្សរាយសោធរបុរៈចក្រភពអង្គរ" ជាស្នាដៃរបាំបុរាណ Original ដែលត្រូវបានផ្តួចផ្តើមផលិតឡើងដោយក្រុម អប្សរា២៥ដួង ដែលជាក្រុមទទួលបានជ័យលាភីឆ្នើមកិត្តិយសថ្នាក់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងមហោស្រពសិល្បៈយុវជនទូទាំងប្រទេស អបអរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ កាលពីឆ្នាំ២០២០។
ក្នុងពិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីលោកជំទាវ កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងលោក លោកស្រី នាងកញ្ញាជាភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។
ក្នុងឱកាសនៃពិធី ឯកឧត្តមរដ្ឋមន្ត្រី ជម្រាបជូនថា ស្នាដៃរបាំ "អប្សរាយសោធរបុរៈចក្រភពអង្គរ" នេះ គឺដើម្បីបញ្រ្ជាប និងរួមគ្នាថែរក្សាអភិរក្សសិល្បៈវប្បធម៌ខ្មែរនាសម័យមហានគរ និងផ្តល់តម្លៃ ព្រមទាំងលើកតម្កើងកិត្យានុភាពនៃវប្បធម៌ខ្មែរ ដែលល្បីរន្ទឺពីរាជធានីយសោធរបុរៈចក្រភពអង្គរ និងប្រភពនៃទេវស្ត្រីសួគ៌ ឬ «អប្សរា» ផងដែរ ៕




























