ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលរបាយការណ៍សកម្មភាពរបស់ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ នៅតាមនាយកដ្ឋាននិងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៥។ ក្នុងកិច្ចប្រជុំនេះ មានវត្តមានអញ្ជើញដោយផ្ទាល់ពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ជាមួយគ្នានោះដែរ ឯកឧត្តម លោកជំទាវ ដែលជាទីប្រឹក្សាក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត អញ្ជើញចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting)។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានលេខាធិការដ្ឋានទទួលរបាយការណ៍របស់ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទទទួលបន្ទុកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផែនការសកម្មភាព របស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ប្រចាំត្រីមាស ឆ្នាំ២០២៥ បានអញ្ជើញធ្វើសេចក្តីរាយការណ៍សង្ខេបដោយបានបង្ហាញថា ថ្នាក់ដឹកនាំទទួលបន្ទុកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផែនការសកម្មភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត បានចុះដឹកនាំប្រជុំប្រចាំត្រីមាសទៀងទាត់ និងបានផ្តល់របាយការណ៍លទ្ធផលនៃកិច្ចប្រជុំមកលេខាធិការដ្ឋានតាមត្រីមាសនីមួយៗបានល្អប្រសើរ និងទាន់ពេលវេលា។ បន្ទាប់មក លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានធ្វើបទបង្ហាញស្តីពី លទ្ធផលនៃការបូកសរុបរបាយការណ៍របស់ថ្នាក់ដឹកនាំទទួលបន្ទុកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផែនការសកម្មភាពរបស់អង្គភាពនានាក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ ដែលជាលទ្ធផល មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត សម្រេចបាន ៨៦,៩៤% ជាមួយគ្នានោះ អង្គភាពនិងនាយកដ្ឋាននានាសម្រេចបាន ៧៨%។
បន្ទាប់ពីបានស្ដាប់របាយការណ៍ និងបទបង្ហាញរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំទាំងអស់ដែលបានខិតខំចុះបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈ ដែលជាការសរបញ្ជាក់ឱ្យឃើញអំពីស្មារតីនៃការរួមគ្នាគិត រួមគ្នាអនុវត្ត និងរួមគ្នាទទួលខុសត្រូវ ស្របតាមអភិក្រមពង្រឹង ៧០% និងពង្រីក ៣០%។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា តាមរយៈការអនុវត្តនូវយុទ្ធសាស្រ្តគន្លឹះចំនួន៥ ដែលជាកម្មវិធីអាទិភាពដែលក្រសួងបានកំណត់ដើម្បីសម្រេចនូវចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការចូលរួមសម្រេចឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍប្រទេសជាតិ ដើម្បីសម្រេចឱ្យបានចក្ខុវិស័យ “កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០”។ ក្នុងន័យនេះ ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងលើកទិសដៅបន្ដ ដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យវឌ្ឍនភាព ដើម្បីធានាដល់ការសម្រេចនូវគោលបំណង ស្របតាមផែនការសកម្មភាពដែលបានកំណត់ទុកជាមុន ។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដល់នូវអនុសាសន៍សំខាន់ៗមួយចំនួន ដែលជាការតម្រង់ទិសដល់ ជូនដល់ថ្នាក់ដឹកនាំទាំងអស់ ក្នុងការបន្ដចុះដឹកនាំបំពេញតួនាទី និងភារកិច្ច ដោយស្មារតីសាមគ្គីភាព ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ៕

















