ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនដល់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ និងសាធារណជន មេត្តាជ្រាបថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ និងបេឡាជាតិសន្តិសុខសង្គម សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រដ្ឋបាលខេត្តបាត់ដំបង រដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលខេត្តសៀមរាប នឹងរៀបចំ “ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ” នៅតាមបណ្តាខេត្តចំនួន៣ គឺថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តបាត់ដំបង, ថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ និងថ្ងៃទី ២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ក្នុងគោលបំណង៖
-បង្កើតជាវេទិកាជំនួបដ៏ធំរវាងអ្នកស្វែងរកការងារ និងនិយោជក ដើម្បីដាក់ពាក្យស្វែងរកការងារ ជ្រើសរើសបុគ្គលិក សម្ភាសភ្លាម និងទទួលបានការងារភ្លាមនៅហ្នឹងកន្លែង
-បង្កើនការយល់ដឹងបន្ថែមអំពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) សម្រាប់កម្មករ និយោជិតនៅពេលចូលបម្រើការងារនៅក្នុងស្រុក
-ផ្សព្វផ្សាយ និងចុះឈ្មោះចូលរៀនវគ្គអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
ពិព័រណ៍ការងារនេះ នឹងមានសហគ្រាស ក្រុមហ៊ុន រោងចក្រ អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងសមាគម ចូលរួមផ្សព្វផ្សាយ និងដាក់តាំងបង្ហាញសមិទ្ធផលវគ្គអប់រំបណ្តុះបណ្តាល និងព័ត៌មានឱកាសការងារដែលមាន តម្រូវការជ្រើសរើសកម្លាំងពលកម្មរាប់ម៉ឺនកន្លែង ដោយមានការសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់នៅហ្នឹងកន្លែង។
សម្រាប់អ្នកចូលរួមនឹងអាចទទួលបានការកាត់សក់ អាហារ ភេសជ្ជៈ និងអាវយឺត ដោយឥតគិតថ្លៃផងដែរ។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧” ឬលេខទូរសព្ទ ០៧៧ ២៣២ ៣៧៨ /០១៧ ៨៧១ ៨០៧។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមនិយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល បងប្អូនអតីតពលករ ដែលត្រឡប់មកពីប្រទេសថៃ និងសាធារណជន ជ្រាបជាព័ត៌មាន ៕




