ភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ យុវជនគណបក្សក្រសួងធម្មការ និងសាសនា បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា យុវជនគណបក្សក្រសួងធម្មការនិងសាសនា សរុបចំនួន ១៧៣រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សមាជិកគណ:អចិន្ត្រៃយ៍យុវជនថ្នាក់កណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំគណៈអចិន្ដ្រៃយ៍ និងប្រធានគណៈ នៃគណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា។
ឯកឧត្តម ឈួរ សុបញ្ញា ប្រធានយុវជនក្រសួងធម្មការ និងសាសនា បានថ្លែងគោរពអរគុណចំពោះឯកឧត្ដម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សមាជិកគណ:អចិន្ត្រៃយ៍យុវជនថ្នាក់កណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា ដែលបានផ្តល់កិត្តិយសអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារយុវជនគណបក្សក្រសួងធម្មការ និងសាសនា ដែលនេះជាទសពិធធម៌មួយប្រកបដោយភាពកក់ក្តៅ និងជានិច្ចជាកាល ឯកឧត្តម តែងតែចង្អុលបង្ហាញ និងផ្តល់នូវអនុសាសន៍ដ៏ឧត្តុង្គឧត្តម និងការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះយុវជនគណបក្សក្រសួងធម្មការ និងសាសនា។
ឯកឧត្តមបានបន្តទៀតថា ពិធីនេះរៀបចំឡើងក្នុងគោលបំណងបង្ហាញឱ្យឃើញពីកម្លាំងរួបរួមសាមគ្គីជាមហាគ្រួសារយុវជនគណបក្សក្រសួងធម្មការ និងសាសនា ក្នុងការរួមចំណែកជាមួយគណៈកម្មាធិការគណបក្សជារួម និងដោយឡែកសកម្មភាពសកម្មភាពនិងផែនការសកម្មភាពរបស់យុវជនថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជាក្រោមមាគ៌ាដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល។ ការបំផុសចលនាយុវជនគាំទ្រដល់បុព្វហេតុដ៏ត្រឹមត្រូវ នៃការអនុវត្ដកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាគាំទ្រដល់ការអនុវត្ដគោលនយោបាយនានា របស់ក្រសួងធម្មការនិងសាសនាឱ្យសម្រេចបានជោគជ័យក្នុងកិច្ចគាំពារ «លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា» ស្របតាមកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ក្នុងអាណត្ដិទី៦ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាបានសមធម៌ និងប្រសិទ្ធភាព ឱ្យស្របតាមនិន្នាការរីកចម្រើនក្នុងតំបន់ និងសាកលលោក។
ឯកឧត្តម ចាយ បូរិន ប្រធានគណកម្មាធិការគណបក្ស បានថ្លែងថា ក្នុងនាមជាយុវជនគណបក្សប្រជាជនកម្ពុជា ត្រូវចូលរួមឱ្យបានយ៉ាងសកម្មក្នុងការបំពេញនូវតួនាទីរបស់ខ្លួនប្រកបដោយ ការទទួលខុសត្រូវខ្ពស់ ក្នុងការកសាងបក្សក្នុងជួរយុវជន ដោយធ្វើការយកចិត្តទុកដាក់លើការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំង។ ភាពជោគជ័យរបស់គណបក្សគឺមិនអាចកាត់ផ្តាច់បានពីការចូលរួមយ៉ាងសកម្មពីយុវជនគណបក្សគ្រប់លំដាប់ថ្នាក់ ព្រោះថាយុវជនគឺជា សសរទ្រូងរបស់ប្រទេសជាតិ ជាកំលាំងបន្តវេនប្រកបដោយសក្តានុពលក្នុងការកសាង និងការពារមាតុភូមិ។ ដូចនេះ ទាមទារឱ្យយុវជនគណបក្សរួមជាមួយអង្គការចាត់តាំងយុវជនផ្សេងទៀត ត្រូវខិតខំទ្វេរដងដើម្បីជួយគណបក្សឱ្យទទួលបានជោគជ័យជាបន្តទៀត ជាពិសេសដើម្បីចូលរួមចំណែកធ្វើឱ្យសម្រេចនូវការបេ្តជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្ស តាមរយៈការអនុវត្តដោយខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្រ របស់គណបក្ស «ផ្អែកលើអំពើល្អរបស់មន្ត្រីគណបក្ស គុណភាព និងបរិមាណ របស់សមាជិកបក្ស ដើម្បីឈ្នះឆ្នោត» និង «សមាជិកបក្ស ១រូប គឺជាសំឡេងឆ្នោតគាំទ្រគណបក្ស ១សន្លឹក»។ ព្រោះយុវជនជាកម្លាំងបន្តវេន និងជាសសរទ្រូងប្រទេសជាតិក្នុងការបន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនជឿនលឿន ឆ្ពោះទៅចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ដូច្នេះ យុវជន គប្បីមានការយល់ដឹងប្រកបដោយវិចារណញ្ញាណ អំពីគុណតម្លៃដ៏វិសេសវិសាលនៃជ័យជម្នះ៧មករា អំពីគុណតម្លៃដ៏វិសេសវិសាលនៃសន្តិភាព ដែលសម្រេចបានតាមរយៈនយោបាយឈ្នះឈ្នះ ក៏ដូចជាករណីកិច្ចរបស់ខ្លួន និងភាពជាពលរដ្ឋសកល។ ព្រមជាមួយគ្នានេះ យុវជនត្រូវមានចំណេះដឹង និងចរិយាសម្បត្តិល្អប្រពៃ ទើបអាចឆ្លើយតបនៅនឹងសំណូមពរនៃមាតុភូមិបាន។
ក្នុងឱកាសនោះឯកឧត្តម ចាយ បូរិន ប្រធានគណកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា បានឧបត្ថម្ភថវិការសម្រាប់ទ្រទ្រងសកម្មភាពយុវជនគណបក្សក្រសួងចំនួន ៣លានរៀលផងដែរ ៕




















