ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យលើការអនុវត្តការងាររបស់នាយកដ្ឋាន/ស្ថានីយ ធៀបនឹងផែនការយុទ្ធសាស្រ្តរបស់ក្រសួងមហាផ្ទៃ ស្របតាមយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១ និងផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល ២០២៣-២០២៧ ដោយមានការអញ្ជើញចូលរួមពី លោកអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ជាច្រើនរូបទៀតផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក ក៏បានលើកឡើងថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីស្វែងរកបញ្ហាប្រឈម ចំណុចខ្សោយ និងខ្លាំង ហើយជំរុញឱ្យការងារជំនាញទាំងអស់ដោះស្រាយប្រកបដោយប្រសិទ្ធភាព និងបន្តអនុវត្តកិច្ចការងារឱ្យមានភាពរលូន និងទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត ពិសេសគឺការអនវត្តស្របតាមផែនការយុទ្ធសាស្រ្តស្តីពីការគ្រប់គ្រងរដ្ឋបាលដែនដី និងសន្តិសុខជាតិ និងផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល ២០២៣-២០២៧។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ដល់មន្ត្រីជំនាញទាំងអស់របស់អគ្គនាយកដ្ឋាន ក្នុងការរៀបចំធ្វើបច្ចុប្បន្នភាពធៀបនឹងផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ បានល្អជាច្រើនកន្លងមក និងបានរួមគ្នាពិភាក្សាយ៉ាងផុសផុល ដើម្បីផ្តល់ជាធាតុចូលសំខាន់ៗជាច្រើន ក្នុងការបង្កើតនូវគន្លឹះល្អៗសម្រាប់អនុវត្តក្នុងការងារជំនាញរបស់អគ្គនាយកដ្ឋានស្របតាមផែនការដែលបានដាក់ចេញ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្រ្តស្តីពី ការគ្រប់គ្រងរដ្ឋបាលដែនដី និងសន្តិសុខជាតិ ឆ្នាំ២០២៤-២០២៨។
ក្នុងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានជំរុញបន្ថែមឱ្យថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំទាំងអស់ ត្រូវតែពន្លឿននូវការរៀបចំធ្វើបច្ចុប្បន្នភាពធៀបនឹងផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល ទៅតាមអគ្គនាយកដ្ឋាន ដែលពាក់ព័ន្ធទាំងអស់សំដៅធ្វើយ៉ាងណា ជុំរុញនូវការអនុវត្តការងារឱ្យកាន់តែល្អប្រសើរបន្ថែមទៀត និងរួមគ្នាត្រួតពិនិត្យលើតារាងសូចនាករ និងចំណុចដៅប្រចាំឆ្នាំ ពាក់កណ្តាលអាណត្តិ និងចុងបញ្ចប់នៃការអនុវត្តផែនការយុទ្ធសាស្រ្តក្រសួងមហាផ្ទៃ យុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ស្របតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងមហាផ្ទៃដែលបានដាក់ចេញ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ ៕

















