ពោធិ៍សាត់៖ នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះត្រួតពិនិត្យ និងផ្តល់យោបល់លើការជួសជុលផ្លូវគ្រួសក្រហម (ចំណុចខ្លោងទ្វារវត្តកណ្ដាល) មានប្រវែង ៦,៥គីឡូម៉ែត្រ ជាបណ្តោះអាសន្ន នៅភូមិក្រូចឆ្មារ ឃុំលាច និងភូមិស្រែពពាយ ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ឆ្លៀតក្នុងឱកាស ឯកឧត្តម ខូយ រីដា បានជំរុញឱ្យមន្រ្តីបច្ចេកទេសត្រូវយកចិត្តទុកដាក់ និងពន្លឿនដំណើរការការជួសជុលផ្លូវគ្រួសក្រហមមួយនេះឱ្យបានលឿន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់នោះ។
ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាសមិទ្ធផលផ្លូវដែលមានហើយ ឱ្យបានគង់វង្សយូរអង្វែង ដើម្បីបន្តបម្រើផលប្រយោជន៍ដល់ការរស់នៅ និងការប្រកបរបររបស់បងប្អូនប្រជាពលរដ្ឋ ៕














