ភ្នំពេញ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមប្រតិបត្តិការជំនាញទី២ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំស្តីពី ការប្រកាសសមាសភាពក្រុមប្រតិបត្តិការជំនាញទី២ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលប្រព្រឹត្តឡើងនៅសាលប្រជុំនាយកដ្ឋានអង្គរក្ស ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសិលា អគ្គនាយករងអន្តោប្រវេសន៍ អភិបាលរងខេត្តទទួលការងារសន្តិសុខ ប្រធាន-អនុប្រធាននាយកដ្ឋាន ស្នងការរងពាក់ព័ន្ធ រួមនិងសមាសភាពជាច្រីនរូបទៀតតាមបណ្តារាជធានី-ខេត្ត ចូលរួមតាមរយៈប្រព័ន្ធ ZOOM ផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានមានប្រសាសន៍ថា ក្រុមប្រតិបត្តិការជំនាញទី២ មានតួនាទីសំខាន់ក្នុងការរៀបចំផែនការសកម្មភាពជាក់ស្តែងប្រចាំឆ្នាំ សម្រាប់បម្រើឱ្យការងារស៊ើបអង្កេត ស្រាវជ្រាវ និងកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសគ្រប់ប្រភេទជាអាទិ៍៖ អំពើឃាតកម្ម អំពើបង្ខាំងមនុស្សជំរិតទារប្រាក់ អំពើបង្ខាំងមនុស្សធ្វើទារុណកម្ម បទល្មើសគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស អំពើឆបោកគ្រប់ទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសផ្សេងៗទៀតដែលជះឥទ្ធិពលជាអវិជ្ជមានដល់សង្គមជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់សមាជិកក្រុមប្រតិបត្តិការជំនាញទី២ ដោយលើកយកនូវចំណុចចម្បងដូចជា៖
១. ត្រៀមរៀបចំកម្លាំងចុះប្រតិបត្តិការ និងបែងចែកតួនាទីភារកិច្ចទទួលខុសត្រូវទៅតាមគោលដៅនីមួយៗ រង់ចាំទទួលបទបញ្ជាដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។
២. ស្នើប្រធានក្រុមការងារជំនាញនីមួយៗ ណែនាំដល់កងកម្លាំងក្រោមឱវាទទាំងអស់ចូលរួមអនុវត្តច្បាប់ប្រកបដោយការទទួលខុសត្រូវ និងមានក្រមសីលធម៌វីជ្ជាជីវៈ។
៣. កម្លាំងចុះប្រតិបត្តិការទាំងអស់ត្រូវគោរពតាមតួនាទីភារកិច្ច និងអនុវត្តស្របតាម SOP។
៤. ក្នុងកិច្ចប្រតិបត្តិការ ត្រូវគ្រប់គ្រងកន្លែងកើតហេតុឲ្យបានល្អ ប្រមូលភស្តុតាងដែលពាក់ព័ន្ធបទល្មើស ហើយរក្សាទុកនៅកន្លែងដែលមានសុវត្ថិភាព។
៥. គ្រប់កិច្ចប្រតិបត្តិការទាំងអស់ត្រូវមានរបាយការណ៍បឋម ដើម្បីរាយការណ៍ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការ និងធ្វើរបាយការណ៍បញ្ចប់ករណីដោយមានសំអាងហេតុ និងមូលដ្ឋានច្បាស់លាស់ ៕













