ឯកឧត្តម ចាន់ សុធា អនុញ្ញាតឱ្យ នាយកប្រតិបត្តិទីភ្នាក់ងារកិច្ចសហប្រតិបត្តិការ និងកុងស៊ុលស្វីសប្រចាំកម្ពុជា និងគណៈប្រតិភូទីភ្នាក់ងារ SDC ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ចាន់ សុធា អនុញ្ញាតឱ្យ នាយកប្រតិបត្តិទីភ្នាក់ងារកិច្ចសហប្រតិបត្តិការ និងកុងស៊ុលស្វីសប្រចាំកម្ពុជា និងគណៈប្រតិភូទីភ្នាក់ងារ SDC ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ


ភ្នំពេញ៖
នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអនុញ្ញាតឱ្យលោក Reto Grueninger នាយកប្រតិបត្តិទីភ្នាក់ងារកិច្ចសហប្រតិបត្តិការ និងកុងស៊ុលស្វីសប្រចាំកម្ពុជា និងគណៈប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការសម្រាប់កិច្ចអភិវឌ្ឍន៍របស់ប្រទេសស្វីស (SDC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្តនៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងគិតគូរអំពីការបន្តកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (កជទី២)។

ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម ចាន់ សុធា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីស តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការសម្រាប់កិច្ចអភិវឌ្ឍន៍របស់ប្រទេសស្វីស (SDC) ដែលកន្លងមកតែងតែគាំទ្រដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាលើវិស័យនានា ជាពិសេសគាំទ្រដល់ដំណើរការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ចាន់ សុធា បានលើកឡើងនូវសាវតារ ការវិវឌ្ឍ និងសមិទ្ធផលសំខាន់ៗ នៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏ដូចជាការអនុវត្តការងារគណនេយ្យភាពសង្គម ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនានា ជាពិសេសរដ្ឋាភិបាលស្វីស។

លោក Reto Grueninger បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លេខាធិការដ្ឋាន គ.ជ.អ.ប. និងក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការផ្ទេរមុខងារ ធនធានមនុស្ស ធនធានថវិកា និងសិទ្ធិអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងនោះផងដែរ ការគាំទ្រដល់ការអនុវត្តការងារគណនេយ្យភាពសង្គម និងគម្រោងផ្សេងៗទៀត ក៏ជាកិច្ចការចាំបាច់ក្នុងការពង្រឹងអភិបាលកិច្ច និងការអភិវឌ្ឍនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងការពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងក្រុមជនងាយរងគ្រោះនានាតាមរយៈការផ្សព្វផ្សាយព័ត៌មាន ការចូលរួមត្រួតពិនិត្យ តាមដានលើការបំពេញការងារ និងការផ្តល់មតិយោបល់នានា ដើម្បីរួមចំណែកក្នុងការសម្រេចបាននូវសមិទ្ធផលសំខាន់ៗនៃកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនាពេលកន្លងមក។

ជាលទ្ធផលនៃជំនួបពិភាក្សានេះ លេខាធិការដ្ឋាន គ.ជ.អ.ប. និងទីភ្នាក់ងារសហប្រតិបត្តិការសម្រាប់កិច្ចអភិវឌ្ឍន៍របស់ប្រទេសស្វីស (SDC) បានបង្ហាញពីគោលបំណង និងការប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏ដូចជាការងារគណនេយ្យភាពសង្គមនាពេលអនាគត ៕










Previous Post Next Post