ទីក្រុងគួយលីន៖ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលក្នុងការដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជាចូលរួមព្រឹត្តិការណ៍ "ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤" និង "ពិធីបុណ្យកម្ពុជា" នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក MA Tieqiao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Guilin Junda Transporation Co., Ltd. និងសហការី ចូលជួបពិភាក្សាការងារ និងរាយការណ៍ជូនអំពីលទ្ធផលនៃការចុះពិនិត្យសិក្សាផ្ទាល់លើគម្រោងអភិវឌ្ឍន៍ស្ទឹងសៀមរាបកាលពីខែកញ្ញា ឆ្នាំ២០២៥ កន្លងមក។
ក្នុងជំនួបដ៏សំខាន់ និងប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមបោះទុនវិនិយោគរាប់រយលានដុល្លារអាម៉េរិករបស់ក្រុមហ៊ុន ដែលបានចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ប្រកបដោយថាមពលរបស់កម្ពុជាដែលជាទីផ្សារទើបនឹងរះ ព្រមទាំការជឿជាក់ដ៏មុតមាំលើការដឹកនាំប្រកបដោយគតិបណ្ឌិតត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបន្តធានានូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ជួយឱ្យមានការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យជាពិសេសហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់វិស័យទេសចរណ៍ និងការធានាសុខសុវត្ថិភាពដល់អ្នកទេសចរជាតិ និងអន្តរជាតិ។
ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងជំនួបលើកទី២ នាពេលនេះ ពិតជាការបោះជំហានមួយកម្រិតទៀតដើម្បីឈានដល់ការអនុវត្តជាក់ស្តែងនៃគម្រោងវិនិយោគដ៏ធំ និងមានសារៈសំខាន់ដល់វិស័យវិនិយោគ។
ជាកិច្ចឆ្លើយតប លោកអគ្គនាយកក្រុមហ៊ុន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនឯកឧត្ដមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដែលបានអនុញ្ញាតផ្ដល់ឱកាសចូលជួបសម្តែងការគួរសម ពិភាក្សាការងារ ព្រមទាំងរាយការណ៍ពីលទ្ធផលសិក្សារបស់ក្រុមហ៊ុន។ ជំហានបន្ទាប់គឺក្រុមហ៊ុន នឹងរៀបចំបែបបទផ្លូវការស្នើសុំការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។
ក្រុមហ៊ុន Guilin Junda Transportation Co., Ltd ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៨២ មានស្ថានីយ១២ ផ្លូវដឹកជញ្ជូន ៣០០ខ្សែ បុគ្គលិកចំនួន ៣.៨០០នាក់ ដែលមានសេវាកម្មជាច្រេីនដូចជា ដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក Logistic សណ្ឋារគារ និងសេវាកម្មជាច្រើនទៀតផងដែរ ៕









