រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញបើកការដ្ឋានស្ថាបនាស្ពានបេតុង ១កន្លែង ប្រវែង ៦០ម៉ែត្រ ទទឹង ៨ម៉ែត្រ ឆ្លងកាត់ព្រែកតាស្អាង ស្ថិតនៅភូមិស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញបើកការដ្ឋានស្ថាបនាស្ពានបេតុង ១កន្លែង ប្រវែង ៦០ម៉ែត្រ ទទឹង ៨ម៉ែត្រ ឆ្លងកាត់ព្រែកតាស្អាង ស្ថិតនៅភូមិស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង


ភ្នំពេញ៖
នាព្រឹកថ្ងៃពុធ ១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥  ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានបេតុង ១កន្លែង ប្រវែង ៦០ម៉ែត្រ ទទឹង ៨ម៉ែត្រ ឆ្លងកាត់ព្រែកតាស្អាង ស្ថិតនៅភូមិស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ 

អង្គពិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត, ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត, អភិបាលរង នៃគណៈអភិបាលខេត្ត, អាជ្ញាធរមូលដ្នានគ្រប់លំដាប់ថ្នាក់, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, មន្ដ្រីរាជការ, លោក អ្នកគ្រូ, សិស្សានុសិស្ស, និងប្រជាពលរដ្ឋ សរុបចំនួន ៥២៣នាក់។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានថ្លែងនូវសុន្ទរកថាស្វាគមន៍ដោយបានជម្រាបជូនអំពីស្ថានភាពនៃការរីកចម្រើននៃសមិទ្ធផលនានានៅក្នុងខេត្ត ជាពិសេសការរីកចម្រើននៃកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្ត។ បន្ទាប់មក លោក គង់ ភឿន
ប្រធាននាយកដ្ឋានផ្លូវលំជនបទ បានធ្វើរបាយការណ៍បច្ចេកទេស ដោយបញ្ជាក់ជូនថា ស្ពាននេះត្រូវបានស្ថាបនាដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ដោយមានកិច្ចសន្យាសាងសង់រយៈពេល ១២ខែ គិតពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ព្រមទាំងមានសុពលភាពធានា រយៈពេល ១២ខែ បន្ទាប់ពីការសាងសង់បានបញ្ចប់ជាស្ថាពរ។ 

បន្ទាប់ពីបានស្ដាប់សុន្ទរកថាស្វាគមន៍ និងរបាយការណ៍បច្ចេកទេសរួចមក ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននិងសមិទ្ធផលនានា នាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើងដោយមានផ្លូវខ្វាត់ខ្វែង មានទឹកស្អាតប្រើប្រាស់ និងអនាម័យកាន់តែល្អប្រសើរ ជាពិសេសមានរបៀបរបបរស់នៅប្រកបដោយភាពស៊ីវិល័យ។ 

ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានជម្រាបជូនអង្គពិធីអំពី ចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនគឺ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកប ដោយបរិយាបន្ន និងចីរភាព” តាមរយៈកម្មវិធីអាទិភាពទាំង៥ របស់ក្រសួង។ ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធជនបទ នៅទូទាំងប្រទេសមានផ្លូវជនបទ សរុបប្រវែងជាង ៥ម៉ឺនគ.ម និងមានស្ពានប្រមាណជាង ៤ពាន់កន្លែង។ ក្នុងនោះចំពោះខេត្តស្វាយរៀង គិតមកដល់ពេលនេះ មានផ្លូវជនបទចំនួន ៧៧១ខ្សែ សរុបប្រវែង ២,៧៧២គ.ម ដោយក្នុងនោះ ផ្លូវក្រាលបេតុង និងផ្លូវក្រាលកៅស៊ូប្រវែង ៤០៦គ.ម ផ្លូវល្បាយក្រួសប្រវែង ២,៣៦៥គ.ម និងសំណង់ស្ពានចំនួន ៧៧កន្លែង ព្រមទាំងសំណង់សិល្បការ្យជនបទជាច្រើនផ្សេងទៀត។ ដោយឡែក ស្ពានបេតុង ប្រវែង ៦០ម៉ែត្រ ទទឹង ៨ម៉ែត្រ ដែលកំពុងបើកការដ្ឋានសាងសង់នាឱកាសនេះ នឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់ចំឡង នៃស្រុកស្វាយជ្រុំ សរុបចំនួន ២,២៩៣គ្រួសារ ស្មើនឹង ៩,២៦៦នាក់ ក្នុងនោះស្រី ៤,៩០៣នាក់។ ស្ពាននេះនឹងផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច រួមមានវិស័យកសិកម្ម កសិឧស្សាហកម្ម និងសេវាកម្មសាធារណៈផងដែរ តាមរយៈការបង្កភាពងាយស្រួលក្នុងការធ្វើដំណើរនិងដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ កាត់បន្ថយពេលវេលា ការចំណាយ បង្កើនប្រាក់ចំណូលគ្រួសារ និងមុខរបរប្រជាពលរដ្ឋក្នុងតំបន់ បង្កភាពងាយស្រួលដល់សិស្សានុសិស្សធ្វើដំណើរទៅសាលារៀន ការធ្វើដំណើរទៅកាន់មណ្ឌលសុខភាព ជាដើម។ ជារួម អត្ថប្រយោជន៍នៃសមិទ្ធផលនេះ គឺបង្កើនការតភ្ជាប់រវាងភូមិ ទៅភូមិ និងឃុំទៅឃុំ រវាងតំបន់ និងតំបន់ និងអាចធានាបាននូវការប្រើប្រាស់ឆ្លងកាត់បានគ្រប់រដូវកាល។

ជាកិច្ចបញ្ចប់ ឯកឧត្ដមរដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបានក្នុងខេត្ត និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងសន្ដិភាព ដែលនាំមកនូវឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ និងភាពប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕












































Previous Post Next Post